បញ្ចតន្ត្រ(៩)
| លេខមុន | បញ្ចតន្ត្រ | លេខបន្ទាប់ |
.
រឿង មូស និង ចៃ
ក្នុងប្រទេសមួយ មានស្តេចមួយអង្គដែលមានក្រឡាបន្ទុំ តុបតែងបានយ៉ាងស្អាត។ គ្រែដេកដណ្តប់ដោយភួយធ្វើអំពីក្រណាត់សូត្រពណ៌សដ៏មានតម្លៃ ហើយនៅក្នុងផ្នត់ភួយនោះ មានចៃញីសមួយក្បាល ដែលមានឈ្មោះថា មន្ទវិសរបិនី រស់នៅ។ វាអស្រ័យដោយបឺតឈាមស្តេច រស់នៅយ៉ាងមានសេចក្តីសុខ។
មានថ្ងៃមួយ មានមូសមួយក្បាល ឈ្មោះ អញីមុខៈ បានហើរចូលមកក្នុងបន្ទប់នោះ។ នៅពេលដែលចៃនោះឃើញមូសហើរចូលមក វាក៏ស្រែកថា
“ អញីមុខៈ! ហែងមកធ្វើអីនៅទីនេះ? ចេញទៅវិញភ្លាម!”
“ អ្នកស្រី” មូសតប “ នេះមិនមែនជារបៀបនិយាយនឹងភ្ញៀវនោះទេ បើទោះជាភ្ញៀវនោះគ្មានអ្វីល្អត្រង់ណាសោះក៏ដោយ។ ស្ត្រីមេផ្ទះ ត្រូវចេះរាក់ទាក់ភ្ញៀវទោះបីភ្ញៀវនោះមានឋានៈតូចទាបយ៉ាងម៉េចក៏ដោយ។ នាងគួរនិយាយថា -សូមស្វាគមន៍! សូមអញ្ជើញអង្គុយ! អ្នកមិនបានមកលេងខ្ញុំច្រើនថ្ងៃហើយ។ មានអីប្លែកទេ ប្រាប់ខ្ញុំផង? អ្នកដូចជាស្គម។ អ្នកមិនអីទេ? ខ្ញុំរីករាយណាស់ដែលបានជួបអ្នកថ្ងៃនេះ!- ហើយជាងនេះទៅទៀត ខ្ញុំធ្លាប់ភ្លក់រសជាតិឈាមច្រើនប្រភេទណាស់ តែខ្ញុំមិនធ្លាប់សាកឈាមស្តេចសោះ។ ខ្ញុំជឿថាវាច្បាស់ជាឆ្ងាញ់ពិសេសមិនខាន ព្រោះស្តេចសោយសុទ្ធតែម្ហូបឆ្ងាញ់ៗ។ ឥលូវនេះ បើអ្នកស្រីអនុញ្ញាត ខ្ញុំចង់ភ្លក់រសជាតិឈាមស្តេចណាស់។ ខ្ញុំមកផ្ទះអ្នកស្រីទាំងស្រេកឃ្លាន។ មន្ទវិសរបិនី វាគ្មានតម្លៃអ្វីទេ បើអ្នកស្រីសប្បាយនឹងឈាមព្រះរាជាតែម្នាក់ឯង! សូមចែករំលែកខ្លះមកខ្ញុំផង។”
“ ប៉ុន្តែ អញីមុខៈ” ចៃតប “ អញអាចបឺតឈាមស្តេចបាន តែពេលដែលស្តេចដេកលក់ប៉ុណ្ណោះ ប៉ុន្តែឯងវិញ មាត់ឯងស្រួចដូចម្ជុល។ តែបើឯងសន្យាថាចាំស្តេចដេកលក់សិន ចាំបឺតឈាមគាត់ ទើបអញព្រមឲ្យឯងផឹកឈាមរបស់គាត់” ។
“ ខ្ញុំសូមសន្យា!” មូសតប “ ខ្ញុំព្រមទាំងសូមស្បថថាចាំដល់ពេលអ្នកស្រីបឺតឈាមស្តេច រួចហើយ ទើបខ្ញុំបឺតតាមក្រោយ” ។
នៅពេល ដែលពួកគេកំពុងតែជជែកគ្នា ស្តេចក៏យាងចូលមកដល់ ហើយប្រាសដេកលើគ្រែ។ មូសក៏ចាប់បឺតឈាមស្តេចភ្លាមដោយមិនចាំដល់ស្តេចសម្រាន្តលក់ទាន់។ ដូចគេនិយាយថា
៤៣) គេមិនអាចកែចរឹកមនុស្សម្នាក់បានដោយការប្រៀនប្រដៅនោះទេ សូម្បីទឹកក្តៅក៏គង់តែត្រជាក់បាន។
មូសខាំស្តេច ដូចម្ជុលចាក់។ ស្តេចភ្ញាក់ ក៏ស្រែកហៅបម្រើ
“ ហេ! មានស្អីខាំអញ! មើលមើ ក្រែងលោមានមូសឬចៃសង្កើចស្អីលើគ្រែរបស់អញ!”
នៅពេលដែលមូសឮបែបនេះ វាក៏លាក់ខ្លួនបាត់ទៅ។ បម្រើក៏មកដល់ ហើយពិនិត្យពិច័យបានយ៉ាងល្អិតល្អន់ ក៏ឃើញមានចៃមួយក្បាលនៅលើចន្លោះភួយ រួចក៏សម្លាប់ចៃនោះចោលទៅ។
“ ហើយដូច្នេះហើយ” ទម្នកៈបន្ត “ បានជាខ្ញុំនិយាយថា កុំសេពគប់នឹងមនុស្សដែលយើងមិនស្គាល់ឥរិយា។ តាមពិតមូសអ្នកខុស តែគេបែរជាសម្លាប់ចៃទៅវិញ។ ខ្លះទៀតគេនិយាយថា អ្នកដែលទុកចិត្តលើអ្នកក្រៅ នឹងស្លាប់ដូចស្តេចកុកុទ្រុមៈ” ។
“ រឿងនោះយ៉ាងម៉េចខ្លះ?” ពិន្គលកៈសួរ។
ទម្នកៈក៏និទានរឿង ចចកធ្លាក់ចូលធុងល័ខ។
| លេខមុន | បញ្ចតន្ត្រ | លេខបន្ទាប់ |
សំរាប់គំរោងទឹកស្អាតនៅកម្ពុជា។

