មួយពាន់មួយយប់(៨៩)
| លេខ៨៨ | មួយពាន់មួយយប់ | លេខ៩០ |
.
ខ្ញុំត្រេកអរជាខ្លាំង ក៏ធ្វើតាមពួកគេប្រាប់ទាំងអស់ ក៏មកដល់វាំងមួយ។ ខ្ញុំចូលទៅក្នុងវាំងនោះ។
វាំងនោះមានសាលធំស្រឡះ តុបតែងបានយ៉ាងល្អឥតខ្ចោះ។ នៅថ្នាក់លើនៃបន្ទប់នោះ ខ្ញុំឃើញស្រី៤០នាក់ ស្លៀកពាក់ស្អាតបាត ម្នាក់ៗសុទ្ធតែមានរូបសម្ផស្សស្រស់ស្អាតទាំងអស់។ នរណាក៏ដោយឲ្យតែបានឃើញពួកនាងៗហើយ ក៏គង់នឹងលង់នឹងសម្រស់របស់ពួកនាងមិនខាន។
ពេលដែលពួកគេឃើញខ្ញុំ ពួកគេនិយាយថា
“ លោកម្ចាស់ សូមស្វាគមន៍លោកម្ចាស់ដែលមកដល់ ពួករងចាំលោកម្ចាស់អស់រយៈពេលមួយខែហើយ” ។
បន្ទាប់មកពួកគេបានឲ្យខ្ញុំអង្គុយនៅលើកៅអីខ្ពស់មួយ ហើយនិយាយនឹងខ្ញុំថា
“ ថ្ងៃនេះលោកម្ចាស់ជាលោកម្ចាស់របស់ពួកយើង ពួកយើងជាបម្រើរបស់លោកម្ចាស់ ដូច្នេះលោកម្ចាស់ប្រើឲ្យយើងធ្វើអ្វីក៏បានដែរ” ។
ខ្ញុំងឿងឆ្ងល់ចំពោះពួកគេ។ នៅពេលនោះមាននាងម្នាក់ក្រោកមក ហើយរៀបចំម្ហូបអាហារនៅពីមុខខ្ញុំ ហើយខ្ញុំនិងពួកគេបានទទួលទានជាមួយគ្នា។ នៅនោះនាងផ្សេងទៀតទៅកម្តៅទឹក ហើយលាងដៃឲ្យខ្ញុំ ខ្លះទៀតប្តូរសម្លៀកបំពាក់ឲ្យខ្ញុំ ខ្លះទៀតរៀបចំភេសជ្ជៈ។ នាងទាំងអស់មកនៅជុំវិញខ្ញុំ ដោយពួកគេមានសេចក្តីរីករាយជាខ្លាំងនឹងវត្តមានរបស់ខ្ញុំ។
បន្ទាប់មកពួកគេអង្គុយជជែកគ្នាលេងជាមួយខ្ញុំរហូតដល់យប់។ នៅពេលនោះមាននាង៥នាក់បានក្រោកទៅរៀបចំថាសផ្កាមួយថាស ផ្លែឈើមួយថាស និងដំណាប់ផ្សេងៗ។ ជាចុងក្រោយពួកគេបានរៀបចំស្រាទំពាំងបាយជូរយូរឆ្នាំ យើងបានផឹកស្រា ច្រៀងចម្រៀងផ្សេងៗជាមួយគ្នា ខ្លះទៀតលេងភ្លេង។
នៅពេលដែលខ្ញុំបានជួបនឹងក្តីរីករាយបែបនេះ ធ្វើឲ្យខ្ញុំភ្លេចអស់នូវទុក្ខទាំងឡាយ ហើយខ្ញុំនិយាយថា
“ នេះហើយជាជីវិត វាប្រែប្រួលឆាប់រហ័សណាស់” ។
ខ្ញុំកម្សាន្តជាមួយពួកគេរហូតដល់ពេលត្រូវសម្រាក ហើយនៅពេលនោះក្បាលរបស់យើងបានក្តៅជាខ្លាំងដោយសារជាតិស្រា។ ពេលនោះពួកគេនិយាយថា
“ លោកម្ចាស់ យប់នេះលោកម្ចាស់ត្រូវជ្រើសរើសយកគ្នាយើងម្នាក់សម្រាប់រួមដំណេកជាមួយលោកម្ចាស់នារាត្រីនេះ។ នាងម្នាក់នោះលោកម្ចាស់អាចដេកជាមួយនាងបានតែម្តង ទាល់តែ៤០ថ្ងៃទៀតទើបអាចដេកជាមួយនាងបានទៀត” ។
ដូច្នេះខ្ញុំក៏ជ្រើសរើសយកនាងម្នាក់ដែលស្អាតជាងគេ មានកែវភ្នែកថ្លាយង់ មានសក់ខ្មៅវែងអន្លាយ មានធ្មេញសស្អាត មានរាងរាវស្រឡូន ដែលនឹងធ្វើបុរសជាច្រើនឈ្លក់វង្វេង ដូចពាក្យកាព្យគេនិទានថា ៖
ឥតប្រយោជន៍សោះបើគេប្រៀប ប្រដូចប្រៀបធៀបរូបកាយអូន
នឹងដើមត្នោតល្វេតល្វន់ស្រលូន មិនខ្ចោះសោះសូន្យដូចអូនឡើយ។
បបូរមាត់ផ្អែមដូចទឹកឃ្មុំ ទាក់ទាញចិត្តខ្ញុំនិងភូមរ៉ា
រីកែវភ្នែកពេញមន្តស្នេហា អាចបាញ់ប្រហារប្រុសគ្រប់រូប។
ខ្ញុំឆ្កួតវង្វេងព្រោះស្នេហ៍ស្រី ដូចក្មេងលេងដីបីកន្លង
ពិតណាស់ខ្ញុំក្លាយជាក្មេងម្តង ទៀតព្រោះស្នេហ៍ស្នងចំពោះអូន។
នៅពេលនោះខ្ញុំច្រៀងថា ៖
លើលោកនេះគ្មានស្រីឯណា មានមន្តស្នេហាដូចនួនល្អង
រូបឆោមល្អឆើតស្រស់បំព្រង នាំបេះដូងបងញ័ររញ្ជួយ។
មន្តស្នេហ៍នៃអូនខ្លាំងពេកក្រៃ ទាក់ទាញហឫទ័យដួងចិត្តបង
ហ៊ានស្លាប់និងរស់ព្រោះចិត្តប៉ង ភក្តីស្នេហ៍ស្នងចំពោះអូន។
ដូច្នេះខ្ញុំដេកជាមួយនាងយប់នោះ។ នៅព្រឹកឡើង នាងនោះបាននាំខ្ញុំទៅងូតទឹក នាងដុសលាងក្អែលឲ្យខ្ញុំ ហើយស្លៀកពាក់សម្លៀកបំពាក់ថ្លៃៗឲ្យខ្ញុំ។ បន្ទាប់មកពួកគេរៀបចំម្ហូបអាហារ ហើយពួកយើងបានបរិភោគជាមួយគ្នា ហើយផឹកស្រារហូតដល់យប់។
នៅពេលនោះខ្ញុំជ្រើសរើសនាងម្នាក់ទៀតដែលមានរូបរាងស្រស់ស្អាត ទន់ភ្លន់ និងមុខមាត់មានមន្តស្នេហ៍ ដូចកំណាព្យគេនិទានពីនាងថា៖
ខ្ញុំសម្លឹងមើលទ្រូងមូលក្តំ ស្រស់ស្រីក្រមុំល្អស្រស់ពិត
ថែទាំបិទបាំងយ៉ាងជុំជិត ទុកសំណព្វចិត្តស្នេហ៍ភក្តី។
នាងរក្សាការពារដោយធ្នូ បាញ់ចេញពីគូកែវភ្នែកផ្ទាល់
បើនរណាហ៊ានល្បងមកពាល់ នឹងត្រូវគ្រាប់យល់ដល់មរណា។
ហើយយប់នោះខ្ញុំដេកជាមួយនាង ហើយអ្នកស្រីអើយ ជារៀងរាល់ថ្ងៃខ្ញុំតែងតែទទួលទាន ជជែកគ្នាលេងយ៉ាងសប្បាយរីករាយ ហើយរៀងរាល់រាត្រី ខ្ញុំតែងតែជ្រើសរើសស្រីស្អាតម្នាក់ផ្សេងទៀតមកដេកជាមួយខ្ញុំ។ ប៉ុន្តែនៅដើមឆ្នាំថ្មី ពួកគេបានមករកខ្ញុំ ទាំងទឹកភ្នែក ហើយនិយាយលាខ្ញុំ ទាំងទឹកភ្នែក។
| លេខ៨៨ | មួយពាន់មួយយប់ | លេខ៩០ |
សំរាប់គំរោងទឹកស្អាតនៅកម្ពុជា។

