ឲ្យណោតខ្ញុំឲ្យច្រើន
កាលពីជំនាន់ដើម នៅប្រទេសអារ៉ាប់ ប្រជាជនអារ៉ាប់ បានកាន់ទំនៀមទំលាប់ម្យ៉ាងគួរឲ្យភ័យរន្ធត់។ ទំនៀមទំលាប់នោះបានតម្រូវឲ្យភរិយាទាំងឡាយ ដុតខ្លួនទាំងរស់ឲ្យស្លាប់តាមប្តី កាលបើប្តីខ្លួនស្លាប់។ ធ្វើដូចនេះ ដើម្បីឲ្យបានឡើងទៅស្ថានសួគ៌ និងឲ្យបានកើតជាស្រីសួគ៌។ ពិធីដុតខ្លួននេះត្រូវបានធ្វើយ៉ាងឱឡារិកនៅចំពោះមុខសាធារណជន។ ស្រីម៉េម៉ាយត្រូវលោតទៅលើសពប្តីខ្លួនដែលកំពុងតែឆេះក្នុងភ្លើងសន្ធោសន្ធៅ។ កុលសម្ព័ន្ធណាមួយឬភូមិណាមួយ ដែលមានស្រីម៉េម៉ាយដុតខ្លួនច្រើនជាងគេ គេចាត់ទុកថាកុលសម្ព័ន្ធឬស្រុកភូមិនោះ មានកេរ្តិ៍ឈ្មោះល្បីល្បាញគួរឲ្យគោរពជាងគេបំផុត។
ពោលមកដល់ត្រឹមនេះភ្លាម សាស្ត្រាចារ្យម្នាក់ដែលជាមេប្រយោគសួរផ្ទាល់មាត់នៅក្នុងសម័យប្រឡងបាក់អង បានឃាត់នាងក្រមុំម្នាក់ជាបេក្ខជន មិនឲ្យនិយាយតទៅទៀត ដោយពោលញញឹមថា៖
-ប៉ុណ្ណឹងបានហើយ។ នាងចាំរឿងហ្នឹងគ្រាន់បើ។ អ្នកណាជាអ្នកនិពន្ធរឿងហ្នឹង?។
-គឺលោកវ៉ុលទែរ អ្នកនិពន្ធជាតិបារាំង នៅសតវត្សរ៍ទីដប់ប្រាំបី។
- នៅពេលដែលដឹងថានាងម៉េម៉ាយម្នាក់ មានបំណងនឹងដុតសម្លាប់ខ្លួនទៅតាមប្តី តើសាឌីក ដែលជាតួអង្គក្នុងរឿង មានអារម្មណ៍យ៉ាងណាខ្លះ?។
បន្ទាប់ពីនៅស្ងៀមមួយសន្ទុះមក ទំនងជានឹកគិតប្រមូលគំនិតសំខាន់ៗ នាងក្រមុំក៏ញញឹមពព្រាយ រួចឆ្លើយថា៖
- សាឌីក ស្លុតចិត្តយ៉ាងខ្លាំងចំពោះអំពើដ៏រន្ធត់នេះ។ គាត់ចង់ឲ្យមេកុលសម្ព័ន្ធលុបចោលរបៀបចង្រៃនោះចេញ ក៏ប៉ុន្តែបម្រើរបស់គាត់ម្នាក់ប្រាប់ថា គ្មាននរណាហ៊ានប៉ះពាល់ទេ ព្រោះជាប្រពៃណីដែលមានអាយុជាងមួយពាន់ឆ្នាំមកហើយ ហើយឥលូវក្លាយជាច្បាប់ ប្រចាំជីវិតរបស់ស្រីគ្រប់រូបទៅហើយ។
- សាឌីកសុំឲ្យមេកុលសម្ព័ន្ធធ្វើច្បាប់មួយ។ ច្បាប់នោះចែងថាម៉េច?។
- មុននឹងអនុញ្ញាតឲ្យស្រីម៉េម៉ាយណាម្នាក់ដុតខ្លួនបាន លុះត្រាតែស្រីនោះបានជួបនិយាយសាសង ដោយស្ងាត់តែពីរនាក់ ជាមួយនឹងប្រុសកម្លោះណាម្នាក់ ឲ្យបានមួយម៉ោងពេញលេញរួចហើយសិន។
- ហេតុអ្វីបានជាសាឌីកសុំឲ្យបង្កើតច្បាប់ហ្នឹង?
- ដើម្បីកុំឲ្យស្រីម៉េម៉ាយដុតខ្លួន។
- តាំងពីកើតច្បាប់ហ្នឹងមក តើស្រីម៉េម៉ាយសុខចិត្តដុតខ្លួនដូចមុនទេ?
- ចាស អត់ទេ។
- ម៉េចបានជាស្រីម៉េម៉ាយបានជួបប្រុសកម្លោះនៅកន្លែងស្ងាត់តែពីរនាក់ហើយ ស្រាប់តែឈប់ដុតខ្លួនតាមទំនៀមទំលាប់អញ្ចឹងទៅវិញ។
ដោយឃើញនាងក្រមុំ ទឹកមុខឡើងក្រហម ឱនមុខមើលទៅក្រោម ទំនងជាអៀនមិនហ៊ានឆ្លើយ លោកសាស្ត្រាចារ្យកម្លោះសុទ្ធសាធ ដូចសំពត់ក្រៅផ្នត់ ក៏បង្ហើរល្បោយទៅទៀតថា៖
- បើសិនជានាងជាតួអង្គស្រីម៉េម៉ាយ ហើយបានសម្រេចចិត្តលោតចូលភ្លើង ឲ្យស្លាប់តាមប្តីរួចហើយ ក៏ប៉ុន្តែគេអនុញ្ញាតឲ្យប្រុសកម្លោះម្នាក់ មកជួបនិយាយលួងលោមនាងនៅកន្លែងស្ងាត់តែពីរនាក់ តើនាងសុខចិត្តស្លាប់ឬនាងចង់រស់វិញ?។
នាងក្រមុំនៅតែឱនមុខទៅក្រោមដដែល។ នាងឆ្លើយយ៉ាងរហ័ស ទំនងដូចជាគោស្ទាវផ្អើលថា៖
- ខ្ញុំលោតចូលភ្លើងឲ្យស្លាប់!
- ចុះបើប្រុសកម្លោះនោះ ជារូបខ្ញុំវិញ តើនាងចង់រស់ទេ?
ដោយឃើញនាងក្រមុំមុខឡើងក្រហម រឹតតែស្រស់ឡើងមួយកម្រិតទៀត ហើយឱនមុខនៅស្ងៀម មិននិយាយស្តីអ្វីទាល់តែសោះ លោកមេប្រយោគអារាត់អារាយ ក៏និយាយសម្លុតដោយសម្តីតិចតិចថា៖
- បើមិនឆ្លើយ ខ្ញុំឲ្យសេរ៉ូ!
នាងក្រមុំងើបមុខឡើង សម្លឹងលោកមេប្រយោគដោយអឹមអៀន ដួងនេត្រាមានពន្លឺចម្លែកអស្ចារ្យ វង់ភក្រ្តក្រហមរងាលដូចរងើកភ្លើង រួចក៏ទម្លាក់មុខទៅក្រោមវិញ ហើយពោលដោយញ័រៗកំបុតៗថា៖
- ចាស ចង់រស់….ក៏ប៉ុន្តែ…សូមលោកគ្រូ….ឲ្យណោតខ្ញុំឲ្យច្រើន!
ប្រយោជន៍ខ្មែរ ៧ មិថុនា ១៩៧០
សំរាប់គំរោងទឹកស្អាតនៅកម្ពុជា។


រឿងនេះពិតជាគួរឲ្យជក់ចិត្តមែន… ហេហេ
naraths
ខែ កក្កដា 31, 2008 វេលា 7:51 ព្រឹក