មួយពាន់មួយយប់(៨៨)
| លេខ៨៧ | មួយពាន់មួយយប់ | លេខ៨៩ |
ពួកគេក៏និយាយមកខ្ញុំថា
“ នែអាក្មេងប្រុស! ឯងមិនចាំទេ ពាក្យបណ្តាំរបស់យើងមិនឲ្យឯងសួរដេញដោលមូលហេតុនោះ?” ។
បន្ទាប់មកពួកគេនិងខ្ញុំក៏ដេកលក់អស់ទៅ។ នៅពេលភ្ញាក់ឡើង តាចាស់នោះក៏យកម្ហូបអាហារមកឲ្យពួកយើង។ បន្ទាប់ពីពួកយើងបានបរិភោគរួចរាល់ហើយ គាត់ក៏លើកចានក្បាននោះត្រឡប់ទៅវិញ។ ពួកគេក៏អង្គុយនិយាយគ្នារហូតដល់យប់។ តាចាស់នោះក៏ទៅរៀបចំដុតចង្កៀង រួចរៀបចំម្ហូបចំណីសម្រាប់ពួកយើងទាំងអស់គ្នា។ ពួកយើងក៏ស៊ីផឹកជជែកគ្នាបន្តទៀតរហូតដល់យប់ជ្រៅ។
នៅពេលនោះពួកគេនិយាយនឹងតាចាស់នោះថា
” លោកតា ម៉េចក៏លោកតាមិនរៀបចំឱ្យយើងដូចរាល់ដង? ឥលូវនេះយើងងងុយដេកហើយ” ។
គាត់ក៏ក្រោកឡើងទៅយកថាសនិងធ្យូង ផេះនិងម្រែងភ្លើងដូចលើកមុន។ ហើយពួកគេធ្វើដូចយប់មុនដោយគ្មានលើសខ្វះអ្វីសូម្បីតែបន្តិច។ ខ្ញុំរស់នៅជាមួយពួកគេតាមរបៀបនេះអស់រយៈពេលមួយខែពេញ។
នៅពេលនោះចម្ងល់របស់ខ្ញុំចេះតែរីកធំឡើងៗ នៅទីបំផុតខ្ញុំក៏គ្រប់គ្រងខ្លួនឯងលែងបាន ខ្ញុំក៏និយាយថា
“ នែវ៉ើយ! តើពួកឯងអាចប្រាប់ខ្ញុំបានទេ ហេតុអ្វីក៏ពួកឯងយកផេះនោះមកប្រឡាក់មុខរបស់ខ្លួនទៅវិញ? តើហេតុអ្វីបានជាពួកឯងនិយាយថា យើងបានអង្គុយដោយសុខស្រួល តែការចចេសចង់ដឹងរបស់ពួកយើងមិនឲ្យយើងនៅស្រួលទេ” ។
ពួកគេក៏តបថា
“ យកល្អ យើងគួរទុករឿងនេះជាអាថ៌កំបាំងវិញ” ។
តែខ្ញុំនៅតែមិនអស់ចិត្ត រហូតដល់ស៊ីដេកលែងបាន ក៏និយាយនឹងពួកគេថា
“ ខ្ញុំមិនអាចទ្រាំបានទេ ពួកឯងត្រូវតែប្រាប់ខ្ញុំពីមូលហេតុ” ។
ពួកគេក៏តបថា
“ ពួកយើងលាក់លោកនេះ គឺដើម្បីឲ្យលោកល្អទេ។ បើយើងប្រាប់លោក នោះលោកនឹងខ្វាក់ភ្នែកម្ខាងដូចពួកយើងដែរ “ ។
តែខ្ញុំតបថា
“ មិនបានទេ បើពួកឯងមិនប្រាប់ខ្ញុំទេ ខ្ញុំនឹងចាកចេញពីពួកឯង ត្រឡប់ទៅនគររបស់ខ្ញុំវិញ ហើយមិនបាច់ឃើញមុខពួកឯងទៀត ដូចសុភាសិតគេនិយាយថា៖
“ ខ្ញុំគួរតែចាកចេញទៅ បើកាយមិននៅ បេះដូងមិនឈឺ។”
ពួកគេក៏និយាយមកកាន់ខ្ញុំថា
“ ចូរចាំទុកណាអ្នក! យើងមិនចង់លាក់ទុករឿងនេះនឹងអ្នកទេ តែយើងធ្វើនេះគឺព្រោះតែបារម្ភថាអ្នកនឹងដូចពួកយើងតែប៉ុណ្ណោះ” ។
ខ្ញុំក៏តបថា
“ ខ្ញុំមិនខ្វល់ទេ ពួកអ្នកត្រូវតែប្រាប់ខ្ញុំ!” ។
ពួកគេក៏តបថា
“ យើងបានឲ្យយោបល់ល្អដល់អ្នក តែអ្នកមិនស្តាប់ នៅតែជជេសចង់ដឹងរឿងនេះទៀត ឬមួយក៏អ្នកចង់ខ្វាក់ភ្នែកម្ខាងដូចពូកយើង?” ។
តែខ្ញុំនៅតែជជេសចង់ដឹង ពួកគេនិយាយព្រមានខ្ញុំថា
“ លោកអើយ បើរឿងនេះកើតដល់អ្នក ពួកយើងនឹងមិនរាប់រកអ្នកជាគ្នាទៀតឡើយ” ។
បន្ទាប់មកពួកគេក៏យកចៀមឈ្មោលមួយក្បាលមក សម្លាប់វារួចហើយ ពួកគេក៏ចៀរយកស្បែកវាចេញ។ បន្ទាប់មកពួកគេបានឲ្យកូនកាំបិតមួយមកខ្ញុំ ហើយនិយាយថា
“ យកស្បែកចៀមនេះទៅ ហើយយកវាមកគ្របពីលើខ្លួនប្រាណរបស់អ្នក។ ពួកយើងនឹងដេរស្បែកចៀមនេះឲ្យជាប់។ បន្ទាប់មកនឹងមានសត្វឥន្ទ្រីយក្ខមួយ។ វានឹងចាប់អ្នកយកទៅ រួចហោះឡើងទៅលើអកាស បន្ទាប់មកវានឹងយកអ្នកទៅដាក់នៅលើកំពូលភ្នំមួយ។ នៅពេលដែលអ្នកដឹងថា វាលែងហើរទៅមុខទៀតហើយ អ្នកឯងឆាប់យកកូនកាំបិតនេះកាត់ថ្នេរលើស្បែកចៀមនេះ រួចចេញពីស្បែកចៀមនេះទៅ។ សត្វនេះនឹងភ័យរួចហើរទៅបាត់។
បន្ទាប់ពីនេះចូរអ្នកដើរទៅមុខទៀតកន្លះថ្ងៃ អ្នកនឹងទៅដល់វាំងមួយ សែនស្អាត មានដំបូលខ្ពស់សន្លឹម សង់អំពីឈើ មានស្រោបមាសសន្លឹក និងតុបតែងដោយវត្ថុមានតម្លៃសព្វបែបយ៉ាង។ អ្នកចូលទៅក្នុងនោះ អ្នកនឹងដឹងរឿងរ៉ាវអស់នេះជាមិនខាន។ ពួកយើងទាំងអស់គ្នាសុទ្ធតែបានចូលទៅក្នុងវាំងនោះ ហើយនេះហើយជាមូលហេតុដែលពួកយើងខ្វាក់ភ្នែកម្ខាង និងយកម្សៅធ្យូងមកប៉ាតមុខខ្លួនឯងបែបនេះ។ ពួកយើងមិនអាចរៀបរាប់ប្រាប់លោកពីមូលហេតុរបស់ពួកយើងបានទេ ព្រោះរឿងរ៉ាវអស់នេះវាវែងឆ្ងាយណាស់ ហើយរឿងរ៉ាវម្នាក់ៗសុទ្ធតែខុសគ្នាទាំងអស់” ។
| លេខ៨៧ | មួយពាន់មួយយប់ | លេខ៨៩ |
សំរាប់គំរោងទឹកស្អាតនៅកម្ពុជា។

