មួយពាន់មួយយប់(៨៧)
| លេខ៨៦ | មួយពាន់មួយយប់ | លេខ៨៨ |
បន្ទាប់មកខ្ញុំក៏ចេញមកវិញតាមទ្វារនោះ ហើយជារៀងរាល់ថ្ងៃ ខ្ញុំដើរពិនិត្យជុំវិញកោះនោះ នៅពេលយប់ខ្ញុំត្រឡប់មកសម្រាកនៅរូងក្រោមដីនោះវិញ។
ខ្ញុំរស់នៅលើកោះនោះអស់រយៈពេល១ខែ រហូតដល់ថ្ងៃមួយ ខ្ញុំក្រឡេកទៅទិសខាងលិចនៃកោះនោះ ក៏សង្កេតឃើញថាជារៀងរាល់ថ្ងៃទឹកនៅខាងនោះចេះតែស្រកទៅៗ រហូតដល់មួយខែក្រោយមកក៏ក្លាយជាដីគោក។ នៅពេលនោះខ្ញុំរីករាយចិត្តជាខ្លាំង ខ្ញុំក៏ក្រោកឡើង ខ្ញុំក៏ដើរតាមដីគោកនោះ ដែលនៅជាភក់កប់ត្រឹមក្បាលជង្គង់។ តែខ្ញុំប្រឹងដើរឆ្លងកាត់ភក់នោះ ស្រាប់តែនៅពេលនោះ ខ្ញុំឃើញគំនរភ្លើងមួយនៅពីចម្ងាយ។
ខ្ញុំសង្ឃឹមថា ច្បាស់ជាអាចស្វែងរកជំនួយបានជាមិនខាន។ ក្នុងចិត្តរបស់ខ្ញុំពេលនោះ ទន្ទេញនូវពាក្យថា៖
“ នេះប្រហែលជាវាសនាដល់ ទើបខ្ញុំបានយល់ភព្វសំណាង
ព្រោះវាសនាប្រែប្រួលមិនស្វាង ជួនល្អមិនទៀងជួនអាក្រក់។
រឿងខ្លះមិនទាន់កើតមានឡើង ទោះបីជារឿងខ្លះកើតចប់
សូមឲ្យខ្ញុំមានសំណាងភព្វ សម្រេចបានសព្វគ្រប់បំណង។”
ហើយនៅពេលដែលខ្ញុំមកដល់កៀកនឹងភ្លើងនោះ ស្រាប់តែភ្លើងនោះមិនមែនជាភ្លើងឯណា តែជាប្រាសាទមួយទៅវិញ។ ប្រាសាទនោះមានទ្វារធ្វើពីស្ពាន់ពណ៌លឿងចែងចាំង នៅពេលដែលពន្លឺព្រះអាទិត្យចាំងប៉ះនឹងទ្វារនោះ ទ្វារនោះក៏បញ្ចេញពន្លឺដូចជាភ្លើងឆេះ។
ខ្ញុំត្រេកអរខ្លាំងណាស់ ហើយក៏អង្គុយចុះនៅក្បែរមាត់ទ្វារនោះ។ ខ្ញុំអង្គុយចុះមិនទាន់បានស្រួលបួលផង ស្រាប់តែមានបុរសជំទង់១០នាក់បានមកដល់។ បុរសអស់នេះ ស្លៀកពាក់បែបថ្លៃថ្នូរ។ ពួកគេម្នាក់ៗសុទ្ធតែខ្វាក់ភ្នែកឆ្វេងដូចគ្នា។ ពួកគេដើរតាមតាចាស់ម្នាក់។
ខ្ញុំងឿងឆ្ងល់ជាខ្លាំងពីដើមរឿងរបស់ពួកគេ ហេតុដូចម្តេចបានជាខ្វាក់ភ្នែកម្ខាងដូចគ្នាបែបនេះ។ នៅពេលដែលពួកគេឃើញខ្ញុំ ពួកសម្តែងការគួរសមជាមួយខ្ញុំ សាកសួរពីដើមរឿងរបស់ខ្ញុំ។ ខ្ញុំក៏ប្រាប់ពួកគេពីរឿងរ៉ាវរបស់ខ្ញុំពីដើមដល់ចប់។ ដោយពួកគេសុទ្ធតែចាប់អារម្មណ៍នឹងរឿងរបស់ខ្ញុំ ពួកគេក័៏នាំខ្ញុំចូលទៅក្នុងវិមាននោះ។
នៅក្នុងវិមាននោះ មានគ្រែដប់ មានកម្រាលពណ៌ខៀវ និងគ្រឿងតុបតែងទាំងអស់សុទ្ធតែពណ៌ខៀវ។ នៅចំកណ្តាលវិមាននោះ មានគ្រែមួយទៀតតូចជាងមុន តុបតែងដោយពណ៌ខៀវទាំងអស់ ក្រៅពីនេះគ្មានអ្វីទាំងអស់។ នៅពេលដែលពួកយើងចូលទៅដល់ក្នុងនោះ ពួកគេក៏ទៅអង្គុយលើគ្រែរបស់ខ្លួន រីឯតាចាស់នោះក៏ទៅអង្គុយនៅគ្រែរបស់គាត់ដែលតូចជាងគេស្ថិតនៅចំកណ្តាល។
គាត់និយាយមកកាន់ខ្ញុំថា
“ នែក្មួយប្រុស ចូរឯងអង្គុយនៅនឹងកម្រាលនេះចុះ ហើយកុំសួរដេញដោលពីមូលហេតុដែលយើងខ្វាក់ភ្នែកអី” ។
បន្ទាប់មកគាត់ក៏ក្រោកឡើង រៀបចំម្ហូបអាហារនៅចំពីមុខបុរសជំទង់អស់នោះ។ គាត់ក៏បានរៀបចំម្ហូបអាហារដូចគ្នាសម្រាប់ខ្ញុំដែរ។ ក្រោយមកពួកគេបានសាកសួរខ្ញុំអំពីដំណើរផ្សងព្រេងរបស់ខ្ញុំ។ ខ្ញុំរៀបរាប់ប្រាប់ពួកគេពីរឿងរ៉ាវរបស់ខ្ញុំរហូតដល់យប់។ បន្ទាប់មកបុរសជំទង់ម្នាក់និយាយនឹងតាចាស់នោះថា
“ លោកតា ម៉េចក៏លោកតាមិនរៀបចំឱ្យយើងដូចរាល់ដង? ពេលវេលាបានមកដល់ហើយ” ។
គាត់ក៏តបថា
“ ដោយក្តីរីករាយ” ។
គាត់ក៏ក្រោកឡើង ហើយចូលទៅក្នុងបន្ទប់តូចមួយ ហើយត្រឡប់មកវិញ ដោយទូលថាសចំនួន១០លើក្បាលរបស់គាត់។ ថាសនិមួយសុទ្ធតែមានក្រណាត់ពណ៌ខៀវគ្របពីលើ។ គាត់រៀបចំថាសនោះ ដាក់នៅពីមុខយុវជនអស់នោះ គាត់ដុតទៀនក្រមួន១០ដើម គាត់ដាក់ទៀនមួយដើមៗលើថាសនិមួយៗ។ គាត់យកក្រណាត់គ្របលើថាសនោះចេញ។
ស្រាប់តែនៅពីក្រោមនោះ គ្មានអ្វីសោះ មានតែផេះ ម្សៅធ្យូង និង ម្រែងភ្លើង។ បន្ទាប់មកយុវជនទាំង១០នាក់នោះ ក៏យកផេះ ធ្យូង និងម្រែងភ្លើងអស់នោះមកប៉ាតមុខ សម្លៀកបំពាក់ខ្លួនឯង រួចនាំគ្នាយំ ហើយស្រែកថា
“ យើងបានអង្គុយដោយសុខស្រួល តែការចចេសចង់ដឹងរបស់ពួកយើងមិនឲ្យយើងនៅស្រួលទេ!” ។
ពួកគេនៅតែធ្វើបែបនេះរហូតដល់យប់ជ្រៅ នៅពេលនោះតាចាស់នោះ ក៏ក្រោកឡើង ទៅកម្តៅទឹកឲ្យពួកគេ ហើយពួកគេក៏លុបលាងមុខមាត់របស់ខ្លួន រួចដូរសម្លៀកបំពាក់ថ្មី។
នៅពេលដែលខ្ញុំឃើញបែបនេះ អ្នកស្រីអើយ ខ្ញុំងឿងឆ្ងល់ជាខ្លាំង ចិត្តខ្ញុំជ្រួលច្របល់ចង់ដឹងមូលហេតុនៃរឿងអស់នេះ រហូតដល់ភ្លេចពាក្យបណ្តាំរបស់តាចាស់ ក៏ របូតមាត់សួរពួកគេថា
“ ម៉េចក៏ពួកឯងយំសោកបែបនេះ ពេលដែលបានបើកមើលរបស់លើថាសនោះហើយ? សូមអស់លោកមេត្តាប្រាប់ខ្ញុំមក តើហេតុអ្វីបានជាពួកអស់លោកសុទ្ធតែខ្វាក់ភ្នែកម្ខាងបែបនេះ? ហើយហេតុអ្វីបានជាយកធ្យូងនេះមកប៉ាតមុខខ្លួនឯងបែបនេះ?” ។
| លេខ៨៦ | មួយពាន់មួយយប់ | លេខ៨៨ |



យោបល់ថ្មីៗ