ទំព័រដើម > -=១០០១​យប់=-, រឿង​និទាន​ > មួយពាន់​មួយ​យប់​(៨៦)

មួយពាន់​មួយ​យប់​(៨៦)


លេខ៨៥ មួយពាន់មួយយប់ លេខ៨៧

យប់​ទី​១៦

នាង​ឆាហរ៉ាសាត​ក៏​និទាន​បន្ត​ទៀត​ថា អ្នក​បួស​ទី​បី​នោះ​និយាយ​បន្តទៀត​ថា នៅ​ដែល​ខ្ញុំ​ជឿជាក់​ច្បាស់​ថា​ក្មេង​នោះ​ស្លាប់​ប្រាកដ​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង រួច​ឡើង​តាម​ជណ្តើរ​ បិទទ្វារ​នោះ​ រួច​កាយ​ដី​កប់​វិញ។ ខ្ញុំ​មើល​ទៅ​ក្រៅ ឃើញ​សំពៅ​បើក​តម្រង់​មក​កោះនេះ។ នៅ​ពេល​នោះ​ខ្ញុំ​ភិត​ភ័យ​ជា​ខ្លាំង ហើយ​និយាយ​ថា “ នៅ​ពេល​ដែល​ពួក​គេ​មក​ដល់ នៅ​ពេល​ដែល​ពួក​គេ​ឃើញ​ក្មេង​ប្រុស​នោះ​ស្លាប់ ពួក​គេ​ច្បាស់​ជា​ដឹង​ថា​ប្រាកដ​ជា​ខ្ញុំ​ដែល​ជា​អ្នក​ធ្វើ​ឱ្យ​ក្មេង​នោះ​ស្លាប់ ពួក​គេ​ច្បាស់​ជា​សម្លាប់​ខ្ញុំ​មិន​ខាន” ​។

 ខ្ញុំ​ក៏​ឡើង​ទៅ​ពួន​លើ​ដើម​ឈើ​។ ខ្ញុំ​ឡើង​ស្ទើរ​តែ​មិន​ទាន់​ផុត​ផង សំពៅ​នោះ​ក៏​មក​ដល់។

បុរស​ចំណាស់​នោះ​ក៏​ចុះ​មក​រក​កូន​ប្រុស​របស់​គាត់។ ពួក​គេ​កាយ​ដី​ចូល​ទៅ​រក​មើល​ក្មេង​ប្រុស​នោះ ពួក​គេ​ក៏​ឃើញ​ក្មេង​ប្រុស​នោះដេក​ស្តូក​ស្តឹង​ ​ស្លៀក​ពាក់​យ៉ាង​ស្អាតបាត មាន​កាំបិត​មួយដោត​ជាប់​ដើម​ទ្រូង​។ នៅ​ពេល​ឃើញ​បែប​នេះ ពួក​គេយំ​យែក ​ស្រែក​ឡូឡា​ជា​ខ្លាំង ហើយ​ស្រែក​ជេរ​ដាក់​បណ្តាសារដល់​អ្នក​ដែល​បាន​សម្លាប់​ក្មេង​ប្រុស​នោះ។

បន្ទាប់​មក​ពួក​គេ​សែង​ខ្មោច​ក្មេង​ប្រុស​នោះ​ចេញ​មក​ក្រៅ ដាក់​ក្មេង​នោះ​នៅ​នឹង​ដី យក​ក្រណាត់​សូត្រ​មក​ដណ្តប់។ នៅ​ពេល​ដែល​ពួក​គេ​រៀប​ចំសំពៅ​នឹង​ចាក​ចេញ​ដំណើរ បុរស​ចំណាស់​នោះ​យំសោក​ស្តយ​កូន​ប្រុស​គាត់​ជា​ខ្លាំង គាត់​នឹក​គិត​​អំពី​ឃាតករ​ដែល​សម្លាប់​កូន​របស់​គាត់​នេះ។ ​នៅ​ពេល​នោះ​ខ្ញុំ​កំពុង​តែ​ពួន​លើ​ចុង​ឈើ​ មើល​ឃើញ​សព្វ​ហេតុការណ៍ ខ្ញុំ​គ្រាំគ្រា​ចិត្ត​ជា​ខ្លាំង។

បុរស​ចំណាស់​នោះ គាត់​នៅ​តែ​មិន​ដាច់​អាល័យ​ពី​កូន​ប្រុស​របស់​គាត់ គាត់​នៅ​តែ​សម្លឹង​មើលសព​កូន​ប្រុស​របស់​គាត់​ គាត់សន្លប់​លែង​ដឹង​ខ្លួន​ជា​ច្រើន​ដង។ គាត់​ត្អូញត្អែរ​​ថា៖

បេះ​ដូង​ពុក​ខ្ទិច​ខ្ទំ​ដោយ​សារ          ព្រាត់​ចាក​កាយាកូន​​​សម្លាញ់

រី​ឯ​ទឹក​ភ្នែកពុក​នេះ​វិញ                  ស្រក់​ហូរខ្មួល​ខ្មាញ់ដូចទឹក​​​ជ្រោះ។

ឯក្តី​សង្ឃឹមពុក​​ចាក​ទៅ​                 ​ឃ្លាត​ឆ្ងាយ​ទៅនៅ​រួម​រូប​កូន

ធ្វើ​ឲ្យ​រូបពុកក្រៀម​ស្រពោន           រលាយ​សោះ​សូន្យ​គ្មាន​សល់អ្វី​។

មិន​បាន​ជួប​មុខ​ប្រសើរ​ជាង           បើ​ជួប​ហើយ​ឃ្លាង​ឃ្លាត​​វិញ​ទៅ

ថ្ងៃមុខ​​ថ្ងៃ​ក្រោយពុក​គ្មាន​ផ្លូវ           ​មិន​ដឹង​ជា​ត្រូវ​ដើរ​​ផ្លូវណា​។

តើ​មាន​អ្វី​អាច​ជួយ​ពុក​បាន            ​ជួយ​ពុក​ឲ្យ​ស្រាន​ស្ងប់​ចិត្ត​វិញ​

បើ​ក្នុង​បេះ​ដូងទុក្ខទោម្នេញ           ដូច​​ភ្លើងខ្មួល​ខ្មាញ់​​ឆេះរោលរាល។

តើ​ពុក​​គួរ​ស្លាប់​តាមកូន​ទេ             ព្រោះ​ទុក្ខ​ឥត​ល្ហែតែម្នាក់​ឯង

ឱព្រះជា​ម្ចាស់​សូម​សម្តែង​             រិទ្ធិ​​ជួយ​ជ្រោម​ជ្រែង​ពួក​យើងខ្ញុំ​។

យើងបាន​ទទួល​ពរ​ពី​ព្រះ​              ដែល​គ្រង​ជា​ម្ចាស់លើ​ស្ថាន​សួគ៌​

ឲ្យ​បាន​​រស់​នៅ​ជុំ​ជា​គ្រួ-                 សារមានសុខសួស្តីមង្គល។

រហូតដល់​​វាសនា​អាក្រក់​              បាន​មកកញ្ឆក់​បំបែកគ្នា

តើ​នរណា​ទៅ​មិនគ្រាំគ្រា              ដោយ​សារ​​ព្រួញមារ​​មួយ​នេះ​បាន?។
ក្នុង​មួយស្របក់​ដ៏​សែន​ខ្លី              គ្រាប់​គុជ​ដ៏ថ្លៃ​ថ្លា​ល្អ​ជាក់

និង​មនុស្សសំណព្វ​នៃ​​មនុស្ស​ម្នាក់  បាន​រលាយ​ធ្លាក់​ជ្រោះសូន្យ​សុង។

ពុក​ខំ​​ស្រែក​ហៅ​កូនពន្លក​             ត្រឡប់​វិញមក​​ជួបមុខ​​ឪ

ឱ​​ព្រះជា​ម្ចាស់​​ជួយ​ផងទៅ             ជួយ​ខ្ញុំ​យល់​នូវ​​កូនប្រុស​ស្ងួន។

តើ​មាន​ផ្លូវ​ណា​ជួយ​ពុក​បាន           ជួយ​ឲ្យ​យល់ប្រាណ​ជីវិត​​កូន

ទោះ​បី​ជីវិត​ពុក​សាបសូន្យ             សូម​ឲ្យ​តែ​កូន​រស់រាន​វិញ។

សុរិយា​ចន្ទ្រា​ប្រៀប​មិន​បាន           ​នឹង​កូន​កល្យាណ​របស់ឪ

ព្រោះអង្គ​ទាំង​ពីរ​​នឹង​លិច​ទៅ         រីកូន​ពាលពៅរះជានិច្ច។

ព្រះ​អើយ​ទុក្ខសោក​​ផងទាំងពួង     គ្មាន​អ្វី​មក​លួង​លោម​បានពិត

ក្រៅតែ​​ពី​សំណង​ជីវិត                  ​កូនបណ្តូល​ចិត្ត​របស់​​ខ្ញុំ។

ឪពុក​យល់​​តែក្តី​ទុក្ខព្រួយ              ​រហូត​ថ្ងៃ​មួយ​​យល់រូប​កូន

តែ​ក្តី​សង្ឃឹម​រលាយ​សូន្យ   ក្រៀម​ស្វិត​ស្រពោន​ព្រោះ​វាសនា។           

​ព្រះ​ជា​ម្ចាស់​អើយ​មនុស្ស​អាក្រក់​    វាបាន​កញ្ឆក់​បំបែក​យើង

សូម​ទ្រង់​មេត្តា​ស្តែង​រិទ្ធិ​ឡើង         បំបាក់​បំប៉ើង​វា​នោះ​ផង។” ​

គាត់​យំ​កើត​ទុក​រហូត​ទាល់​តែ​ព្រលឹង​របស់​គាត់ ហើរ​ចាក​ពីកាយ​របស់​គាត់។ ពួក​បម្រើ​ក៏​យំ​អាណិត​ចៅហ្វាយ​នាយ​ខ្លួន ដែល​បាន​សោយសោក​ហូត​ដល់​ស្លាប់។

ពួក​បម្រើ​ក៏​យក​សព​របស់​ចៅ​ហ្វាយ​ពួក​គេ​ ទៅ​ដាក់​លើ​សំពៅ​ទន្ទឹម​នឹង​សព​របស់​កូន​ប្រុស​គាត់។ ​ពួក​គេ​ជញ្ជូន​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ពី​ក្នុង​រូង​នោះ​ទៅ​ដាក់​លើ​សំពៅ​វិញ រួច​ចេញ​ដំណើរ​បាត់​ទៅ។ ខ្ញុំ​ចុះ​ពីលើ​ដើម​ឈើ បើ​ទ្វារ​រូង​ក្រោម​ដី ចូល​ទៅក្នុង​។ ទី​នោះ​បាន​រំឭក​​ពី​អនុស្សាវរីយ៍​ទាំងអស់​រវាង​ខ្ញុំ​នឹង​​ក្មេង​ប្រុស​​នោះ។

ខ្ញុំ​ក៏​ត្អូញ​ត្អែរ​ក្នុង​ចិត្ត​ថា

“ ស្លាក​ស្នាម​អនុស្សាថ្មីមួយ            ចិត្ត​ខ្ញុំ​រែង​ព្រួយសែន​ឯកា

ខ្ញុំ​បន់​ដល់​ព្រះសូមមេត្តា               នាំ​គាត់​មក​រ៉ាកុំ​បីខាន។”

លេខ៨៥ មួយពាន់មួយយប់ លេខ៨៧
ចំណាត់ក្រុម ៖-=១០០១​យប់=-, រឿង​និទាន​
  1. គ្មានទាន់មាន វិចារ។