ទឹកចិត្តស្រឡាញ់របស់កុមារម្នាក់
.
ទឹកចិត្តស្រឡាញ់របស់កុមារម្នាក់
នៅមុនថ្ងៃបុណ្យគ្រីស្ទម័សមួយថ្ងៃ ខ្ញុំបានប្រញាប់ប្រញាល់ទៅផ្សារដើម្បីទិញកាដូខ្លះដែលមិនទាន់បានទិញ។ ពេលទៅដល់ផ្សារខ្ញុំឃើញមនុស្សណែនតាន់តាប់។ ពេលឃើញមនុស្សច្រើនបែបនេះ ខ្ញុំក៏ចាប់ផ្តើមរអ៊ូរក្នុងចិត្តថា
“ ចាំម៉ាង៉ៃទៀតក៏ទិញអីមិនបានផង ត្រូវទិញអីវ៉ាន់កន្លែងផ្សេងទៀតផង”
ថ្ងៃបុណ្យគ្រីស្ទម័ស កាន់តែគួរឲ្យធុញទ្រាន់ទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ តាមតែចិត្តខ្ញុំគឺដេកលេងយ៉ាងស្រួល មិនបាច់ធ្វើអីទេ។
ខ្ញុំក៏ចេញពីទីនោះទៅកន្លែងលក់របស់ក្មេងលេង។ ខ្ញុំចាប់ផ្តើមពិនិត្យមើលតម្លៃ ខ្ញុំឆ្ងល់ថា ក្មេងលេងរបស់ថ្លៃបែបហ្នឹងដែរ?។
ពេលកំពុងតែសម្លឹងមើលទៅកន្លែងលក់គ្រឿងក្មេងលេង ខ្ញុំឃើញក្មេងប្រុសម្នាក់អាយុប្រហែលប្រាំឆ្នាំ កំពុងតែឱបកូនក្រមុំជ័រមួយនៅនឹងទ្រូង។ វាអង្អែលសក់កូនក្រមុំនោះ។ វាមានទឹកមុខគួរឲ្យអាណិត។ ខ្ញុំក៏ឆ្ងល់ថាតើក្មេងប្រុសនេះចង់បានកូនក្រមុំជ័រនេះទៅឲ្យអ្នកណា?។ ពេលនោះ ក្មេងប្រុសម្នាក់នេះ បែរមុខទៅលោកយាយចាស់ម្នាក់នៅជិតវា ហើយនិយាយថា “ លោកយាយ ចៅពិតជាគ្មានលុយគ្រប់មែន..?”
យាយចាស់នោះតបថា
“ ចៅសម្លាញ់យាយ… លុយចៅឯងទិញតុក្កតានេះមិនបានទេ”
បន្ទាប់មកយាយម្នាក់ក៏ឲ្យក្មេងប្រុសនៅចាំគាត់ទីនោះប្រាំនាទី ព្រោះគាត់ត្រូវដើរមើលទំនិញខ្លះទៀត។ គាត់ក៏ដើរចេញបាត់ទៅ។ ក្មេងតូចនោះ នៅតែកាន់កូនក្រមុំជ័រក្នុងដៃដដែល។
ខ្ញុំក៏ដើរទៅជិតក្មេងនោះ រួចសួរវាថា
“ ក្មួយឯងចង់បានវា ទុកឲ្យនរណា?”
“ នេះជាកូនក្រមុំដែលបងស្រីរបស់ខ្ញុំស្រឡាញ់បំផុត ហើយចង់បានវាជាកាដូថ្ងៃបុណ្យគ្រីស្ទម័សនេះ។ បងស្រីជឿថាតាសាន់តាក្លូសនឹងឲ្យកាដូកូនក្រមុំជ័រនេះដល់គាត់ នៅថ្ងៃបុណ្យគ្រីស្ទម័សនេះ” ក្មេងនោះតប។
ខ្ញុំក៏តបថា
“ ប្រហែលជាតាសាន់តាក្លូសនឹងឲ្យកាដូកូនក្រមុំជ័រនេះដល់នាងហើយ ក្មួយមិនបាច់បារម្ភទេ” ។
តែក្មេងនោះតបមកខ្ញុំវិញទាំងទឹកមុខក្រៀមក្រំ។
“ ទេ សាន់តាក្លូសមិនអាចយកកាដូនេះទៅឲ្យបងស្រីបានទេ។ ខ្ញុំត្រូវយកកាដូនេះទៅឲ្យម៉ាក់របស់ខ្ញុំ រួចហើយគាត់នឹងយកវាទៅឲ្យបងស្រីពេលគាត់ទៅជួបនឹងបងស្រីនៅទីនោះ”
ក្មេងនោះមានកែវភ្នែកគួរឲ្យអាណិតណាស់ ពេលដែលវានិយាយមកកាន់ខ្ញុំ។
“ បងស្រី គាត់ទៅនៅជាមួយព្រះនៅឯស្ថានសួគ៌។ ប៉ានិយាយប្រាប់ថា ម៉ាក់នឹងទៅនៅស្ថានសួគ៌ឆាប់ៗនេះហើយ។ ដូច្នេះខ្ញុំសង្ឃឹមថា ម៉ាក់នឹងយកកូនក្រមុំជ័រនេះទៅឲ្យបងស្រី។”
បេះដូងរបស់ខ្ញុំស្ទើរតែឈប់ដើរទៅហើយ។ ក្មេងប្រុសម្នាក់នោះសម្លឹងមើលមកខ្ញុំ ហើយនិយាយថា
“ ខ្ញុំប្រាប់ប៉ាថា កុំទាន់ឲ្យម៉ាក់ទៅអី។ ខ្ញុំសុំឲ្យគាត់ចាំខ្ញុំត្រឡប់ទៅពីផ្សារវិញ។”
បន្ទាប់មកក្មេងប្រុសនោះបង្ហាញរូបថតមួយសន្លឹករបស់វា កំពុងសើច។ វាប្រាប់ខ្ញុំថា
“ ខ្ញុំចង់ឲ្យម៉ាក់យករូបថតនេះទៅជាមួយគាត់ ដើម្បីកុំឲ្យគាត់ភ្លេចខ្ញុំ”
“ ខ្ញុំស្រឡាញ់ម៉ាក់ណាស់ ខ្ញុំមិនចង់ឲ្យគាត់ចាកចេញពីខ្ញុំទេ តែប៉ាប្រាប់ថា ម៉ាក់ត្រូវតែទៅ ព្រោះគាត់ត្រូវទៅមើលបងស្រី”
បន្ទាប់មកក្មេងប្រុសនោះក៏ក្រឡេកមើលទៅកូនក្រមុំជ័រនោះម្តងទៀត ដោយទឹកមុខយ៉ាងកម្សត់ យ៉ាងស្ងៀមស្ងាត់។ ខ្ញុំក៏លួចយកកាបូកលុយរបស់ខ្ញុំ រួចដកយកលុយប៉ុន្មានសន្លឹកចេញមក ខ្ញុំនិយាយនឹងក្មេងនោះថា
“ ឥលូវយើងនាំគ្នារាប់លុយរបស់ក្មួយឯងម្តងទៀតមើល ក្រែងលោគ្រប់”
“ បាទ” ក្មេងនោះតប “ ខ្ញុំសង្ឃឹមថានឹងគ្រប់”
ខ្ញុំក៏លួចបន្ថែមលុយរបស់ខ្ញុំចូលក្នុងលុយរបស់ក្មេងនោះ ដោយមិនឲ្យវាដឹងខ្លួន យើងក៏ចាប់ផ្តើមរាប់។ លុយមានគ្រប់អាចនឹងទិញកូនក្រមុំជ័រនោះបាន ហើយថែមទាំងសល់ខ្លះថែមទៀតផង។
ក្មេងនោះអរជាខ្លាំង និយាយថា
“ សូមអរគុណទេវតា ដែលជួយឲ្យខ្ញុំមានលុយគ្រប់”
វាមើលមុខខ្ញុំ ហើយនិយាយថា
“ ម្សិលមិញ មុននឹងចូលគេង ខ្ញុំបានបន់ដល់ទេវតា សុំជួយឲ្យខ្ញុំមានលុយគ្រប់ ដើម្បីទិញកូនក្រមុំជ័រនេះ ឲ្យបងស្រី។ ឥលូវនេះ ទេវតាពិតជាជួយមែន។”
“ តាមពិត ខ្ញុំចង់មានលុយទិញផ្កាកុលាបស សម្រាប់ម៉ាក់ទៀត តែមិនខ្ញុំមិនហ៊ានសុំទេវតាច្រើនពេកទេ។ ប៉ុន្តែទេវតា ឲ្យលុយខ្ញុំគ្រប់អាចទិញបានកូនក្រមុំនេះហើយ សល់លុយអាចទិញបានផ្កាកុលាបសទៀតសម្រាប់ម៉ាក់ទៀត។”
“ លោកពូដឹងទេ ម៉ាក់ខ្ញុំចូលចិត្តកុលាបសណាស់។”
បន្តិចក្រោយមកស្ត្រីចំណាស់នោះក៏មកដល់ ហើយខ្ញុំដើរចេញពីក្មេងប្រុសនោះ។ ខ្ញុំចេញពីហាងទំនិញវិញ ដោយក្នុងចិត្តខុសស្រឡះពីកាលចូលទៅក្នុងហាងនេះ។ ខ្ញុំមិនអាចបំភ្លេចក្មេងប្រុសនោះ ពីក្នុងចិត្តរបស់ខ្ញុំបានទាល់តែសោះ។
ខ្ញុំនឹកឃើញថា កាលពីពីរថ្ងៃមុន កាសែតក្នុងស្រុកមួយបានរាយការណ៍ថា បុរសស្រវឹងស្រាម្នាក់បានជិះឡានដឹកដី បុកកូនឡានមួយ ដែលបើកបរដោយស្ត្រីជំទង់ម្នាក់ ហើយមានក្មេងស្រីម្នាក់ជិះជាមួយផង។ ក្មេងស្រីបានស្លាប់ភ្លាមនៅកន្លែងកើតហេតុ រីឯម្តាយកំពុងតែស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដល់ជីវិត។
ជាគ្រួសាររបស់ក្មេងប្រុសនោះទេដឹង?
ពីរថ្ងៃក្រោយមកខ្ញុំទទួលដំណឹងថា ស្ត្រីម្នាក់នោះបានលាចាកលោកនេះហើយ។ ខ្ញុំទ្រាំមិនបាន ក៏ទិញផ្កាកុលាបសមួយបាច់ ហើយទៅកន្លែងបញ្ចុះសពស្រ្តីនោះ ដែលកំពុងតែរៀបចំបញ្ចុះ។
នាងនៅទីនោះ នៅក្នុងមឈូសរបស់នាង នាងកាន់ផ្កាកុលាបសមួយទងនៅនឹងដៃ រូបថតរបស់ក្មេងប្រុសនោះ កូនក្រមុំជ័រដាក់លើទ្រូងរបស់នាង។ ខ្ញុំចេញពីទីនោះមកវិញទាំងទឹកភ្នែក ខ្ញុំមានអារម្មណ៍ថាជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរទាំងស្រុង។ សេចក្តីស្រឡាញ់របស់ក្មេងប្រុសម្នាក់នេះចំពោះម្តាយរបស់វា ចំពោះបងស្រីរបស់វា រហូតមកដល់ថ្ងៃនោះ ខ្ញុំនៅតែមិនអាចបំភ្លេចបាន។ តែបុរសប្រមឹកម្នាក់ បានឆក់យកអ្វីៗទាំងអស់ពីក្មេងប្រុសម្នាក់នោះ តែក្នុងមួយប៉ព្រិចភ្នែក។
“ បើអ្នកផឹកស្រាទៅហើយ សូមកុំបើកបរ។ បើអ្នកនៅតែធ្វើបែបនេះ ជីវិតដ៏ថោកទាបរបស់អ្នក អាចនឹងបំផ្លាញ ជីវិតរបស់ត្រកាលរបស់អ្នកដទៃបាន”
ដកស្រង់ចេញពី
សំរាប់គំរោងទឹកស្អាតនៅកម្ពុជា។


នេះពិតជាសោកនាដកម្មមួយដែលគួរឲ្យសោកស្តាយមែន។
ពិតជាកំសត់ណាស់។ បងជួបរឿងពិសេសមែន។ ខ្ញុំសូមសំដែងនូវការសរសើរដ៏ស្មោះអស់ពីបេះដូងរបស់ខ្ញុំជូនចំពោះ
បង។ បងពិតជាមានសន្តានចិត្តល្អមែន។ ហើយរឿងនេះក៏មិនគួរតែកើតមានឡើយ។
RAsmey
ខែ កក្កដា 10, 2008 វេលា 12:43 ល្ងាច
កុំច្រលំថាខ្ញុំជួបនឹងរឿងនេះណា អ្នកនិពន្ធរឿងទេដែលជាអ្នកជួប ហើយ ខ្ញុំមិនមែនជាអ្នកនិពន្ធរឿងនេះទេ។
វិចិត្រ
ខែ កក្កដា 10, 2008 វេលា 1:15 ល្ងាច
ខ្ញុំពេញចិត្តរឿងនេះណាស់។ ជារឿងអប់រំដ៏ល្អមួយ។
monida
ខែ កក្កដា 10, 2008 វេលា 3:25 ល្ងាច
ថ្មីៗនេះ លើកោះសន្តិភាព ឃើញមានអាប្រមឹកណាមួយនោះ ទើបនឹងបើកឡានបុកប៉ូលីសស្លាប់ម្នាក់។
វិចិត្រ
ខែ កក្កដា 10, 2008 វេលា 3:28 ល្ងាច
បងដូចជាអត់ចូលចិត្ត ស្រាទេមែនទេ? រឿងពីរឿងហើយសុទ្ធតែឥទ្ធិពលអាក្រក់ពីស្រា ។ ក្មេងប្រុសម្នាក់នោះពិតជាគួរអោយអាណិតណាស់
រ៉ាមណា
ខែ កក្កដា 10, 2008 វេលា 5:06 ល្ងាច
ខ្ញុំគ្រាន់តែប្រឆាំងនឹងអ្នកផឹកស្រាស្រវឹង ហើយបង្ករឿងតែប៉ុណ្ណោះ។
វិចិត្រ
ខែ កក្កដា 10, 2008 វេលា 5:09 ល្ងាច
បានអានរឿងថ្មីៗប្លែកៗ មានអារម្មរណ៍ចំឡែកម្យ៉ាង! ស្នាដៃអ្នកនិពន្ធថ្មីមានហើយបងប្អូន! កុំភ្លេចហៅមិត្តភក្តិយើងចូលមកអានផង!
ផេងជី
ខែ កក្កដា 11, 2008 វេលា 10:01 ព្រឹក
អរចឹងទេ…. តែរឿងនេះពិតជាមានន័យអប់រំល្អមែន។
RAsmey
ខែ កក្កដា 11, 2008 វេលា 10:24 ព្រឹក
គួរឲ្យអាណិតក្មេងនោះមែនទែន! រឿងបរទេសមួយៗ ពិតជាមិនអន់មែន។ ភាគច្រើនបង្កប់អាថ៌កំបាំង លាក់សាច់រឿង អ្នកអាន អានហើយ ត្រូវតែចង់អានត បើមិនដូច្នោះពិតជាបាយមិនឆ្ងាញ់ ដេកមិនលក់ទេ។
អាចម៍ផ្កាយ
ខែ កក្កដា 11, 2008 វេលា 9:13 ល្ងាច
អាចម៍ផ្កាយនិយាយបែបរូម៉ែនទិក សង្ស័យកំពុងមានស្នេហាហើយមើលទៅ!
ផេងជី
ខែ កក្កដា 12, 2008 វេលា 9:11 ព្រឹក
និយាយចឹងរ៉ូមែនទិក? រឿងស្នេហានោះ មានយូរហើយ មិនមែនទើបតែមានឥឡូវទេ;-D
អាចម៍ផ្កាយ
ខែ កក្កដា 13, 2008 វេលា 5:22 ល្ងាច
វិចិត្រ
ខែ កក្កដា 13, 2008 វេលា 7:58 ល្ងាច
ហាហា ចឹងមានន័យថាបងចូលចិត្តញ៉ាំស្រាដដែលគ្រាន់តែ មិនចូលចិត្តបង្ករឿង ម្យ៉ាងដែរ ។ ប្រុសៗតែប៉ុណ្ណឹង
រ៉ាមណា
ខែ កក្កដា 14, 2008 វេលា 8:52 ព្រឹក
រ៉ាមណា៖ មិនស្អប់ មិនប្រាកដថា ចូលចិត្តទេ គ្រាន់តែមិនស្អប់ប៉ុណ្ណោះ។
ខ្ញុំមិនចូលចិត្តស្រា តែមិនមែនមានន័យថា ខ្ញុំត្រូវតែប្រឆាំងនឹងស្រានោះទេ តែខ្ញុំប្រឆាំងមនុស្សប្រមឹក ដើរលេងមិនចូលផ្ទះ ផឹកស្រាស្រវឹងហើយបើកឡានបុកគេបុកឯង បង្ករឿងវាយតប់គ្នា បាញ់បោះ។ល។
ហើយរឿងអាក្រក់ ដែលកើតឡើង តាមពិតទៅមិនមែនជាកំហុសរបស់ស្រានោះ ទេ តែជាកំហុសរបស់បុគ្គលនោះតែម្តង។
វាពិតណាស់ពេលស្រវឹងទៅ ស្រាធ្វើអោយមនុស្សជោរ ក្លាហាន ហ៊ានធ្វើគ្រប់រឿងលាក់ក្នុងចិត្ត។ តែស្រាមិនមែនជាអ្នកបង្ខំមនុស្សអោយផឹកឯណា?
ស្រាអាចជាគ្រឿងកំដៅនៅពេលរងារ ស្រាអាចយកទៅធ្វើថ្នាំ សំរាប់ស្ត្រីខ្លះ។ ផលរបស់វាអាស្រ័យលើអ្នកប្រើប្រាស់ប៉ុណ្ណោះ។
ហេតុនេះហើយបានជាខ្ញុំនិយាយថា ខ្ញុំមិនប្រឆាំងនឹងស្រាទេ។
ម៉េចយល់នៅ..
វិចិត្រ
ខែ កក្កដា 14, 2008 វេលា 3:08 ល្ងាច
ចា៎ យល់ហើយ លោក និយាយវែងម៉េះ
រ៉ាមណា
ខែ កក្កដា 16, 2008 វេលា 11:10 ព្រឹក