តូបសៀវភៅ

អំនាន.អំណាន…អាន

បញ្ចតន្ត្រ​(៧)

មាន ១ វិចារ

លេខមុន បញ្ចតន្ត្រ លេខបន្ទាប់

.

រឿង​ “ ក្រសារ​និង​ក្តាម”

នៅ​ត្រង់​កន្លែង​មួយ​នោះ​ក្នុង​ព្រៃ​នេះ មាន​បឹង​ធំ​មួយ មាន​មច្ឆា​ច្រើន​ប្រភេទ​រស់​នៅ​។ ក្រសារ​មួយ​ក្បាល​រស់​នៅ​អាស្រ័យ​នឹង​បឹង​នោះ។ ក្រសារ​នោះ​ចាស់​ទៅ​ហើយ គ្មាន​កម្លាំង​អ្វី​នឹង​ចាប់​ត្រី​មក​ស៊ី​បាន​ទៀត​ទេ។ ភាព​អត់​​ឃ្លានបាន​បណ្តាល​ឲ្យ​វា​ស្គម​ស្គាំង។

ថ្ងៃ​មួយ​វា​មក​ទុំ​នៅ​មាត់​បឹង​ហើយ​ស្រែក​ខ្លាំងៗ​ សម្រក់​ទឹក​ភ្នែក​សស្រាក់។ ក្តាម​មួយ​ក្បាល​មក​រក​វា ដោយ​មាន​ត្រី​ជា​ច្រើន​ក្បាល​មក​តាម​ដែរ សួរ​យ៉ាង​សមគួរ​ទៅ​ក្រសារ​ថា

“ លោក​ពូ! លោក​ពូ​មិន​អី​ទេ? ហេតុអ្វី​ក៏​លោក​ពូ​មិន​ស៊ី​អី​សោះ​ថ្ងៃ​នេះ? ហេតុអ្វី​បាន​ជា​លោក​ពូ​យំ? ហេតុអ្វី​បាន​ជា​លោក​ពូ​ដក​ដង្ហើម​ធំ​បែប​នេះ?”

ក្រសារ​ក៏​តប​ថា

“ កូនៗ​អើយ!…ខ្ញុំ​សម្រេច​ចិត្ត​ថា​កាន់​សីល​ហើយ​។ ខ្ញុំ​ធ្លាប់​ជា​អ្នក​ស៊ី​ត្រី តែ​ឥលូវ​នេះ​ខ្ញុំ​ប្តេជ្ញា​ថា​នឹង​មិន​ប៉ះ​សាច់​ត្រី​ទៀត​ទេ បើ​ទោះ​ជា​ត្រី​មក​ជិត​ខ្ញុំ​ក៏​ដោយ ព្រោះ​ខ្ញុំ​ប្តេជ្ញា​ថា​នឹង​តម​មិន​ស៊ី​ត្រី​ទៀត​ទេ​រហូត​ដល់​ស្លាប់។”

ក្តាម​ក៏​សួរ​គាត់​ថា

“ ហេតុ​អ្វី​ក៏​លោក​ពូ​កាន់​សីល?”

ក្រសារ​ក៏​និយាយ​ថា

“ ខ្ញុំ​បាន​កើត​នៅ​បឹង​នេះ​ ហើយ​ខ្ញុំ​ក៏​ចាស់​នៅ​ទី​នេះ​ដែរ។ ខ្ញុំ​ដឹង​ថា​ទី​នេះ​នឹង​គ្មាន​ភ្លៀង​ទៀត​ទេ ក្នុងអំឡុង​ដប់​ពីរ​ឆ្នាំ​នេះ​។”

ក្តាម​ក៏ឧទាន​​ថា

“ តើ​លោក​ពូ​ឮ​រឿង​នេះ​ពី​ណា​មក?”

ក្រសារ​និយាយ​ថា

“ ខ្ញុំ​ឮ​ពី​មាត់​គ្រូទាយ​ម្នាក់។ គ្រូទាយ​នោះ​និយាយ​ថា គេ​សរសេរ​នៅ​ក្នុង​គម្ពីរ​តារាសាស្ត្រ​ថា ទៅ​តាម​​ទីតាំង​របស់ផ្កាយ​និង​​តារា នឹង​គ្មាន​ភ្លៀង​ទៀត​ទេ​ក្នុង​ដប់​ពីរ​ឆ្នាំ​នេះ។ បឹង​នេះ​គ្មាន​ទឹក​គ្រប់​គ្រាន់​ ហើយ​ទឹក​នឹង​តិច​ទៅៗ ហើយ​នៅ​ទី​បញ្ចប់​ វា​នឹង​ស្ងួត​អស់​។ ដូច្នេះ គ្មាន​ទឹក សត្វ​ក្នុង​ទឹក​ដែល​ខ្ញុំ​ធ្លាប់​ស៊ី ដែល​ខ្ញុំ​ធ្លាប់​លេង​ជា​មួយតាំង​ពី​កើត​មក​ នឹង​ស្លាប់​ទាំងអស់។ ខ្ញុំ​មិន​អាច​ឃ្លាត​ចាក​ពី​ពួក​វា​បាន​ទេ។ហេតុ​ដូច្នេះ​បាន​ជា​ខ្ញុំ​តម​បែប​នេះ។ សត្វ​ទឹក​នៅ​ក្នុង​បឹង​តូចៗ​ផ្សេង​ទៀត ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​បឹង​ផ្សេង​ទៀត​ដោយ​បង​ប្អូន​របស់​វា អណ្តើក​ ក្រពើ និង​សត្វធំ​ៗ​ធ្វើ​ដំណើរ​ទៅ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​សត្វ​ទឹក​ក្នុង​បឹង​នេះ​ហាក់​ដូច​ជា​គ្មាន​ខ្វល់​ខ្វាយ​សោះ។ ខ្ញុំ​យំ​ ព្រោះ​បន្តិច​ទៀត​នេះ​ គ្រប់​យ៉ាង​នឹង​វិនាស​អស់។”

ក្តាម​ក៏​ទៅ​ប្រាប់​សត្វ​ទឹក​ឯ​ទៀត។ ក្តាម ត្រី អណ្តើក​ និង​សត្វ​ផ្សេង​ទៀត​ភ័យ​ស្លន់​ស្លោ​ជា​ខ្លាំង។ ពួក​គេ​ទៅ​រក​ក្រសារ​ហើយ​និយាយ​ថា

“ តើ​លោក​ដឹងថា​ពួក​យើង​គួរ​ធ្វើ​យ៉ាង​ម៉េច​ទេ? តើ​ពួក​មិន​អាច​ការពារ​ខ្លួន​ពី​គ្រោះ​មហន្តរាយ​នេះ​ទេ​ឬ?​”

ក្រសារ​តប​ថា

“ មិន​អី​ទេ នៅ​ជិត​នេះ​មាន​បឹង​ធំ​មួយ មាន​ទឹក​ពេញ។ បើ​ទោះ​ជា​គ្មាន​ភ្លៀង​ម្ភៃ​បួន​ឆ្នាំ ក៏​បឹង​នោះ​មិន​រីងដែរ ព្រោះ​មាន​ស្លឹក​​ឈូកគ្រប​ពីលើ ការពារ​មិន​ឲ្យ​បឹង​នោះ​រីង។​ បើ​នរណា​ម្នាក់​ជិះ​លើ​ខ្នង​របស់​ខ្ញុំ ខ្ញុំ​អាច​យក​ទៅ​ដាក់​ទី​នោះ​បាន។”

ពួក​មច្ឆា​ទាំង​នោះ ជឿ​លើ​ក្រសារ ហើយ​ក៏​ប្រមូល​គ្នា​មក​នៅ​ជុំវិញ​ក្រសារ។ ពួក​គេ​ស្រែក​ថា

“ លោក​ពូ! លោកឪពុក! បងប្រុស! ខ្ញុំ​មុន! ខ្ញុំ​មុន!”

ក្រសារ​បោក​បាន​យក​ពួក​គេ​ម្តង​មួយៗ ដាក់​លើ​ខ្នង​របស់​វា។ នៅ​ពេល​ដែល​វា​ហើរ​ចេញ​បាន​ឆ្ងាយ​បន្តិច​ វា​ទម្លាក់​ត្រី​លើ​ថ្ម​ដើម្បី​សម្លាប់ ហើយ​ស៊ី​ត្រី​យ៉ាង​ឆ្ងាញ់។​នៅ​ពេល​ក្រសារ​ត្រឡប់​មក​វិញ វា​ក៏​ទៅ​និយាយ​កុហក​ក្រុម​គ្រួសារ​ត្រី​ដែល​ចេញ​ទៅ​មុន​នោះ។

ថ្ងៃ​មួយ ក្តាម​និយាយ​នឹង​ក្រសារ​ថា

“ លោក​ពូ ខ្ញុំ​ជា​មិត្រ​របស់​លោក​ពូ​មុន​គេ តែ​លោក​ពូ​​យក​ខ្ញុំ​ទៅ​ក្រោយ​គេ។ ឥលូវ​សូម​លោក​ពូ​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ​ផង​​”

នៅ​ពេល​ដែល​ក្រសារ​ឮ​បែប​នេះ វា​គិត​ក្នុង​ចិត្ត​ថា

“ អញ​ស៊ី​ត្រី​រាល់​តែ​ថ្ងៃ ឥលូវ​នេះ​អញ​​សាក​រសជាតិ​ក្តាម​ម្តងមើល។”

វា​ក៏​យក​ក្តា​ដាក់​លើ​ខ្នង​របស់​វា រួច​ដឹក​ទៅ​ថ្ម​ដែល​វា​បាន​សម្លាប់​ត្រី​អស់​នោះ។ ក្តាម​ឃើញ​គំនរ​ឆ្អឹង​ត្រី​ដែល​ក្រសារ​បាន​សម្លាប់ ហើយ​ក៏​ភ្ញាក់​ខ្លួន​ យល់​ហេតុ​ការណ៍​ទាំងអស់។ វា​ក៏​និយាយ​នឹង​ក្រសារ​ថា

“ លោក​ពូ! តើ​បឹង​នោះ​នៅ​ឆ្ងាយ​ប៉ុណ្ណា​ទៀត​ទៅ? លោក​ពូ​ច្បាស់​ជា​អស់​កម្លាំង​ហើយ ព្រោះ​ខ្លួន​ខ្ញុំ​ធ្ងន់។”

ក្រសារ​គិត​ក្នុង​ចិត្ត​ថា

“ ឥលូវ​នេះ​អាល្ងង់​នេះ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​អញ​ទៅ​ហើយ វា​មិន​អាច​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ទេ”

ក្រសារ​ក៏​និយាយ​នឹង​ក្តាម​ថា

“ អាក្តាម តើ​មាន​បឹង​ឯ​ណា​ក្បែរ​នេះ​ទៀត? ឯង​ជា​ចំណី​របស់​អញ​ហើយ។ អញ​នឹង​បោក​ឯង​នឹង​ថ្ម​សម្លាប់​ឥលូវ​នេះ ហើយ​អញ​នឹង​ស៊ី​ឯង”

ក្រសារ​និយាយ​មិន​ទាន់​ទាំង​ចប់ផង ក្តាម​ក៏​យក​ដង្កៀប​របស់​វា​មក​កៀប​ក​ក្រសារ​​ដាច់​ជា​កង់​ រហូត​ដល់​ក្រសារ​ដាច់​ខ្យល់​ស្លាប់។ក្តាម​ក៏​វា​មក​បឹង​របស់​វា​វិញ​ដោយ​យក​ក​ក្រសារ​មក​ជា​មួយ​ផង។ ពួក​សត្វទឹក​ក៏​មក​ប្រមូល​ផ្តុំ​គ្នា​ជុំ​វិញ​ក្តាម ហើយ​សួរ​ថា

“ ក្តាម ម៉េច​ក៏​ឯង​ត្រឡប់​មក​វិញ? ម៉េច​ក៏​លោក​ពូ​មិន​មក​វិញ​ជា​មួយឯង? ម៉េច​ក៏​គាត់​ធ្វើ​ឲ្យ​ខាត​ពេល​បែប​នេះ? ពួក​យើង​ចាំ​គាត់​ស្ទើរ​តែ​ទ្រាំ​មិន​បាន​ទៅ​ហើយ។”

ក្តាម​ក៏​សើច​ ហើយ​និយាយ​ថា

“ ពួក​អា​ភ្លើ! អា​បោក​មួយ​នេះ​វា​មិន​បាន​យក​ពួក​យើង​ទៅ​បឹង​មួយ​ទៀត​ស្អី​ទេ វា​យក​ពួក​យើង​ទៅ​ស៊ី​ នៅ​ជិត​នេះ​ឯង។ ដោយ​វាសនាបាន​កំណត់​មក​ថា​អញ​​ត្រូវ​រស់​បាន​អាយុ​វែង អញ​ក៏​យល់​នូវ​កល​ល្បិច​របស់​វា។ អញ​បាន​សម្លាប់​អា​បោក​ម្នាក់​នេះ ហើយ​នេះ​ក​របស់​វា​អញ​យក​មក​បង្ហាញ​ពួក​ឯង។ ឥលូវ​នេះ​ពួក​ឯង​មិនបាច់​ខ្វល់​ទៀត​ទេ។ ពួក​យើង​អាច​រស់​នៅ​ដោយ​សុខ​បាន​ហើយ។​”

ឆ្កែ​ព្រៃ​នោះ​ត​ថា

“ ​អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ថា ក្រសារ​ល្មោភស៊ី​ ស៊ី​បាន​ទាំង​សត្វ​តូច​ធំ​គ្រប់​ប្រភេទ​ តែ​ត្រូវ​ស្លាប់​ដោយសារ​ក្តាម។”

បន្ទាប់​ពី​បាន​ស្តាប់​ឆ្កែ​ព្រៃ​និយាយ​បែប​នេះ ក្អែក​ក៏​សួរថា

“ អញ្ចឹង​តើ​ពួក​យើង​គួរ​ធ្វើ​យ៉ាង​ម៉េច​ទៅ​ទើប​អាច​សម្លាប់​ពស់​វែក​នោះ​បាន?”

ឆ្កែ​ព្រៃ​នោះ​ត​ប​ថា

“ ​មិន​អី​ទេ ពួក​ឯង​ទៅ​ទី​ប្រជុំ​ជន។ ពួកឯង​រក​មើល​ផ្ទះ​អ្នក​មាន ជា​ផ្ទះ​របស់​មន្ត្រី​ធំ​ឬ​នរណា​ក៏​បាន​ មើល​ បើ​ពួក​គេ​ធ្វេស​ប្រហែស​ ទុក​ដាក់​មាស​ប្រាក់​ចោល​ ដូច​ជា​ខ្សែ​ក​មាស​ ឬ​ចិញ្ចៀន​មាស​។ ពួក​ឯង​ឆាប់​ពាំ​យក​មក តែ​ទុក​ឲ្យ​ពួក​បម្រើ​ឃើញ​ឯង ពួក​ឯង​ហើរ​យឺត​ៗ​មក​លំនៅ​របស់​ឯង​វិញ រួច​ទម្លាក់​របស់​នោះ​ក្នុង​រូង​របស់​ពស់​វែក​នោះ។ នៅ​ពេលនោះ​​បម្រើ​នោះ​នឹង​រត់​តាម​ឯង​​ ដើម្បី​តាម​យក​របស់​នោះ​ទៅ​វិញ ពេល​ពួក​គេ​មក​ដល់​ ឃើញ​ពស់ ពួក​គេ​ប្រាកដ​ជា​សម្លាប់​ពស់​នេះ។”

ក្អែក​ស្តាប់​តាម​ដំបូន្មាន​របស់​ឆ្កែ​ព្រៃ រួច​ក៏​ហើរ​ចេញ​ទៅ។ នៅ​ពេល​ដែល​ពួក​វា​កំពុង​តែ​ហើរ​ វា​ក៏​ឃើញពួក​​ស្រី​ស្នំ​​ កំពុង​តែ​ងូត​ទឹក។ ពួក​ស្រី​ទាំង​នោះ​ទុក​ខ្សែ​កមាស​និង​គុជ​​ចោល។ ក្អែក​ញី​ក៏ឆាប​យក​ខ្សែ​ក​មាស រួច​ហើរ​យឺតៗ​សំដៅ​ទៅ​ទ្រនំ​របស់​វា។​​ នៅ​ពេល​ដែលពួក​អាមាត្រ​​ឃើញ​បែប​នេះ ក៏​យក​ដំបង​ដេញ​តាម​ក្អែក។ ក្អែក​ញី​ក៏​ទម្លាក់​ខ្សែ​ក​នោះ​ចូល​ក្នុង​រូង​ពស់ រួច​ក៏​ទៅ​ទុំ​លើ​មែក​ឈើ​ជិត​នោះ។ ពេល​ដែល​បម្រើ​ស្តេច​មក​ដល់​ ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​ពស់​ កំពុង​តែ​បើក​ពពា ក្នុង​រូង​នៅ​ក្នុង​ដើម​ពោធិ​នោះ។ ពួក​គេ​ក៏​សម្លាប់​ពស់​នោះ រួច​យក​ខ្សែក​មាស​នោះ​ត្រឡប់​ទៅ​វិញ។ រួច​ហើយ​ក្អែក​ក៏​រស់​នៅ​បាន​សុខ​រហូត​មក។

ទម្នករ ក៏​បន្ត​ថា

“ អញ្ចឹង​ហើយ​ បាន​ជា​ខ្ញុំ​និយាយ​ថា អ្វី​ដែល​មិន​អាច​សម្រេច​ដោយ​កម្លាំង​បាន គេ​ត្រូវ​ប្រើ​គំនិត។ គ្មាន​អ្វី​លើ​លោក​នេះ​ដែល​មនុស្ស​ឆ្លាត​ម្នាក់​មិន​អាច​ធ្វើ​បាន​នោះ​ទេ។ ដោយសារ​តែ​បញ្ញា​ ទន្សាយ​មួយ​ក្បាល​អាច​សម្លាប់​តោព្រៃ​​ដ៏​សាហាវ​មួយ​ក្បាល​បាន។​”
កត៌ក​ក៏​សួរ​ថា

“ ​រឿង​ហ្នឹង​យ៉ាង​ម៉េច​ខ្លះ?”

ទម្នាករ​ក៏​និទាន​រឿង តោ និង​ ទន្សាយ។

លេខមុន បញ្ចតន្ត្រ លេខបន្ទាប់

បានសរសេរ ដោយ វិចិត្រ

ខែ កក្កដា 6, 2008 នៅ 8:45 ល្ងាច

បានដាក់ប្រកាស ក្នុង រឿង​និទាន​

មួយចំលើយ

Subscribe to comments with RSS.

  1. [...] ……1.5.1 រឿងក្រសារ និង ក្តាម [...]


បញ្ចេញ មួយចំលើយតប