មួយពាន់មួយយប់(៨៥)
| លេខ៨៤ | មួយពាន់មួយយប់ | លេខ៨៦ |
ពួកគេទាំងអស់គ្នាក៏ចុះទៅក្នុងរូងក្រោមដីនោះ អស់រយៈពេលមួយម៉ោងពេញ ទើបឃើញពួកគេចេញមកវិញ។ ពួកទាសករ និងតាចាស់នោះបានចេញមកហើយ តែមិនឃើញយុវជននោះចេញមកទេ។ ពួកគេបិទទ្វារដែកនោះវិញ រួចកាយដីកប់ទ្វារនោះដូចដើមវិញដោយប្រុងប្រយត្ន។ ពួកគេត្រឡប់ទៅសំពៅវិញ រួចហើយបើកសំពៅចេញបាត់ទៅ។ នៅពេលដែលពួកគេចេញទៅបាត់ហើយ ខ្ញុំក៏ចុះពីលើដើមឈើមកវិញ រួចដើរទៅកន្លែងដែលពួកគេបានទុករបស់របរក្នុងដីនោះ។ ខ្ញុំកាយដីចេញ រហូតដល់ទ្វារនោះ។ ទ្វារនោះជាទ្វារឈើ មានរាងដូចជាថ្ម។ ខ្ញុំបើកទ្វារនោះរួច ចុះតាមជណ្តើរថ្មមួយ រហូតដល់សាលស្អាតមួយ តុបតែងដោយវត្ថុមានតម្លៃ។ នៅចំកណ្តាលសាលនោះ ខ្ញុំឃើញយុវជននោះអង្គុយលើគ្រែមួយ ផ្អែកខ្នងលើខ្នើយ ដោយមានផ្លិតមួយនៅនឹងដៃ។ នៅពីមុខគាត់មានលម្អដោយគ្រឿងក្រអូបនិងផ្កា។ នៅពេលដែលគាត់ឃើញខ្ញុំ គាត់មានសេចក្តីភិតភ័យជាខ្លាំង តែខ្ញុំគោរពគាត់ដោយនិយាយថា
“ សូមស្ងប់ចិត្ត កុំខ្លាចខ្ញុំអី ខ្ញុំមិនធ្វើអ្វីអាក្រក់ដល់អ្នកទេ ខ្ញុំក៏ជាមនុស្សដូចអ្នកដែរ។ ខ្ញុំជាកូនរបស់ស្តេចមួយអង្គ ដែលព្រហ្មលិខិតបានតម្រូវឱ្យមកជួបនឹងអ្នក។ តែឥលូវនេះសូមអ្នកប្រាប់ខ្ញុំមើល ថាតើអ្នកមានរឿងអ្វីបានជាគេយកអ្នកមកទុកក្រោមដីតែម្នាក់ឯងបែបនេះ?” ។
នៅពេលដែលគាត់ជឿជាក់ថា ខ្ញុំជាមនុស្សដូចគាត់ដែរ មិនមែនជាបិសាច គាត់ក៏សប្បាយ និងមានទឹកមុខស្រស់បស់ឡើងវិញ។ គាត់ឱ្យខ្ញុំទៅជិតគាត់ គាត់និយាយថា
“ បងប្រុសអើយ! រឿងរបស់ខ្ញុំនេះវាចម្លែកណាស់។ ឪពុករបស់ខ្ញុំអ្នកជំនួញគ្រឿងអល្លង្ការ។ គាត់មានទ្រព្យសម្បត្តិច្រើនអនេក។ គាត់មានបម្រើខ្មៅសជាច្រើន ដែលតាមជួយកាងារជំនួញរបស់គាត់តាមសំពៅ និងអូដ្ឋ។ គាត់ជួញដូរដល់ស្រុកឆ្ងាយៗណាស់។ តែគាត់គ្មានកូនប្រុសម្នាក់សោះ។ នៅយប់មួយនោះ គាត់សុបិនឃើញថា គាត់អាចមានកូនប្រុសម្នាក់ តែមានអាយុខ្លី។ នៅព្រឹកឡើងឪពុករបស់ខ្ញុំគាត់កើតទុក្ខយ៉ាងខ្លាំង ក៏យំតែម្នាក់ឯង។ នៅយប់បន្ទាប់ ឪពុកខ្ញុំគាត់បានរួមដំណេកជាមួយនឹងម្តាយខ្ញុំ។ គាត់ក៏កត់ត្រាទុកនូវថ្ងៃដែលម្តាយខ្ញុំនឹងមានផ្ទៃពោះ។ ក្រោយមកម្តាយខ្ញុំក៏មានផ្ទៃពោះ ដែលនឹងកើតមកជាខ្ញុំនេះ មែន។ ឪពុកខ្ញុំសប្បាយចិត្តណាស់ គាត់បានអញ្ជើញមនុស្សគ្រប់ជំពូក ទាំងមាននិងក្រ មកជប់លៀងនៅផ្ទះរបស់គាត់។ បន្ទាប់មកគាត់បានអញ្ជើញពួកគ្រូទាយ ដើម្បីទស្សន៍ទាយអំពីកំណើតរបស់ខ្ញុំ។ បន្ទាប់ពីពួកគេគន់គូររួចហើយ ពួកគេនិយាយប្រាប់ឪពុកខ្ញុំថា -កូនប្រុសរបស់លោកអាចរស់បានអាយុ១៥ឆ្នាំ ព្រោះនៅពេលដែលកូនលោកបានអាយុ១៥ឆ្នាំនោះ វានឹងជួបនូវគ្រោះអាក្រក់មួយ មានតែទុកឱ្យវារស់នៅតែម្នាក់ឯងឆ្ងាយពីគេប៉ុណ្ណោះ ទើបអាចរួចផុតពីគ្រោះអាក្រក់នេះបាន។ បើឆ្លងផុតគ្រោះអាក្រក់នេះ វានឹងអាចរស់បានអាយុច្រើនជាងនេះឆ្ងាយណាស់។ មូលហេតុដែលអាចឱ្យវាស្លាប់បាននោះគឺបែបនេះ។ នៅក្នុងសមុទ្រអន្តរាយនេះ មានកោះមួយ ហៅថាកោះមេដែក។ នៅលើកោះនោះមានបុរសជិះសេះម្នាក់ ដែលមានលំពែងស្ពាន់នៅនឹងដៃ។ បុរសនេះមានកាយប្រាក់ ពាក់បន្ទះសំណមួយនៅនឹងទ្រូង។ ៥០ថ្ងៃក្រោយពីបុរសជិះសេះនេះធ្លាក់ពីលើខ្នងសេះ កូនប្រុសរបស់លោកនឹងស្លាប់ដោយសារស្នាដៃបុរសម្នាក់ដែលបានទម្លាក់បុរសជិះសេះនោះពីខ្នងសេះ។ បុរសនោះមានឈ្មោះថា អាយិប ជាបុត្ររបស់ស្តេចកាស៊ិប។ – នៅពេលដែលឪពុករបស់ខ្ញុំឮបែបនេះ គាត់កើតទុក្ខជាខ្លាំង។ តែគាត់បានចិញ្ចឹមអប់រំខ្ញុំបានយ៉ាងល្អរហូតខ្ញុំបានអាយុ១៥ឆ្នាំ។ កាលពី១០ថ្ងៃមុន មានគេមកប្រាប់ដំណឹងដល់ឪពុកខ្ញុំថា បុរសលើខ្នងសេះនោះ មានគេបាញ់ទម្លាក់ចូលសមុទ្រហើយ។ អ្នកដែលបានបាញ់បុរសនោះ ឈ្មោះអាយិប ជាកូនរបស់ស្តេចកាស៊ិប។ នៅពេលនោះឪពុករបស់ខ្ញុំភ័យព្រួយជាខ្លាំង គាត់ចាប់ផ្តើមមានអារម្មណ៍ដូចខ្មោចចូល។ ដោយសារតែគាត់ភ័យខ្លាចខ្ញុំស្លាប់ពេក គាត់ក៏ឱ្យគេសង់កន្លែងនេះសម្រាប់ខ្ញុំ។ គាត់យកម្ហូបអាហារនិងគ្រឿងប្រើប្រាស់គ្រប់មុខមកទុកនៅក្នុងនេះ រួចក៏យកខ្ញុំមកទុកនៅទីនេះ។ ពេលវេលាបានកន្លងទៅ១០ថ្ងៃហើយ នៅពេលបាន៥០ថ្ងៃ បើខ្ញុំគ្មានគ្រោះថ្នាក់អីទេ គាត់នឹងត្រឡប់មកយកខ្ញុំទៅវិញ។ គាត់ធ្វើបែបនេះដាក់ខ្ញុំ ព្រោះតែគាត់ខ្លាចរាជបុត្រឈ្មោះអាយិបប៉ុណ្ណោះ។ នេះហើយជាមូលហេតុដែលគេយកខ្ញុំមកទុកឱ្យនៅតែម្នាក់ឯងបែបនេះ” ។
ពេលបានស្តាប់រឿងរបស់គាត់រួចហើយ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ខ្ញុំគិតក្នុងចិត្តថា
“ ខ្ញុំនេះហើយជាអាយិប កូនប្រុសរបស់ស្តេចកាស៊ិប ដែលជាអ្នកបាញ់ទម្លាក់បុរសប្រាក់នោះ ពីលើខ្នងសេះរបស់គាត់។ តែព្រះអើយ ខ្ញុំសម្លាប់បុរសម្នាក់នេះយ៉ាងម៉េចនឹងកើត!” ។
ខ្ញុំក៏និយាយទៅកាន់គាត់ថា
“ ឱប្អូនប្រុសអើយ! ប្អូនប្រុសមិនបាច់ភ័យព្រួយអ្វីទៀតទេ ទុក្ខភ័យអស់នោះវានៅឆ្ងាយពីប្អូនហើយ។ បងនឹងនៅជាមួយប្អូន គ្រាន់បានជាគ្នាក្នុង៥០ថ្ងៃនេះ។ បងនឹងត្រឡប់ទៅផ្ទះវិញជាមួយប្អូន រួចហើយទើបបងត្រឡប់ទៅនគរបងវិញ” ។
គាត់មានសេចក្តីរីករាយខ្លាំងណាស់ដោយបានស្តាប់ពាក្យបែបនេះ។ ខ្ញុំក៏ក្រោកឡើងរៀបចំដុតបំភ្លឺចង្កៀង រៀបចំម្ហូបចំណី។ យើងបានផឹកស៊ីជាមួយគ្នា និយាយសាសងគ្នាពីរឿងរ៉ាងផ្សេងៗរហូតដល់យប់ជ្រៅ ទើបចូលដេក។ ខ្ញុំបានយកភួយទៅដណ្តប់ក្មេងនោះ រួចទើបចូលដេក។ នៅព្រឹកឡើង ខ្ញុំបានយកទឹកទៅកម្តៅ ខ្ញុំយកទឹកនោះឱ្យក្មេងនោះលុបលាងមុខចេញ ហើយវានិយាយនឹងខ្ញុំថា
“ ខ្ញុំអរគុណដល់បងច្រើនណាស់។ បើខ្ញុំរួចផុតពីក្តីស្លាប់ដោយសារបុរសឈ្មោះអាយិបនោះ ខ្ញុំឱ្យឪពុករបស់ខ្ញុំសងគុណបងវិញមិនខាន។ តែបើខ្ញុំស្លាប់វិញ សូមឱ្យព្រលឹងខ្ញុំតាមជួយថែរក្សាបង” ។
ខ្ញុំក៏តបថា
“ សូមកុំឱ្យថ្ងៃអាក្រក់នោះកើតមានអី សូមឱ្យព្រះយកជីវិតបងមុននឹងយកជីវិតប្អូន” ។
បន្ទាប់ខ្ញុំក៏រៀបចំម្ហូបចំណី ហើយយើងបរិភោគជាមួយគ្នា ខ្ញុំក៏យកគ្រឿងក្រអូបមកបាញ់ពាសពេញសាលនោះ ក្មេងនោះសប្បាយចិត្តជាខ្លាំង។ យើងប្រឡែងគ្នាលេងបណ្តើរ ទទួលទានម្ហូបអាហារបណ្តើរ រហូតដល់យប់ជ្រៅ។ នៅពេលនោះខ្ញុំក៏ដុតចង្កៀងបំភ្លឺ ខ្ញុំរៀបចំបង្អែមខ្លះសម្រាប់ក្មេងនោះ រួចនិទានរឿងឱ្យវាស្តាប់ រហូតដល់យប់ជ្រៅ។ រវាងខ្ញុំនិងក្មេងប្រុសនោះ យើងចេះតែធ្វើបែបនេះជារៀងរាល់ថ្ងៃ ខ្ញុំស្រឡាញ់ក្មេងប្រុសនោះជាខ្លាំង។ ខ្ញុំគិតក្នុងចិត្តថា
“ ពួកគ្រូទាយនោះពិតជាបោកប្រាស់ ដែលនិយាយថា ក្មេងនេះស្លាប់ដោយសារខ្ញុំសម្លាប់។ ខ្ញុំមិនសម្លាប់វាជាដាច់ខាត” ។
ខ្ញុំលេងជាមួយក្មេងប្រុសនេះ រៀបចំម្ហូបអាហារឱ្យវា និទានរឿងឱ្យវាស្តាប់អស់រយៈពេល៣៩ថ្ងៃ។ នៅយប់ទី៥០ ក្មេងប្រុសនោះរីករាយចិត្តជាខ្លាំង ហើយនិយាយថា
“ បងប្រុសអើយ! បងដឹងទេប្អូន រួចផុតពីក្តីស្លាប់។ តែឥលូវនេះ សូមបងជួយរៀបចំទឹកក្តៅឱ្យប្អូនជម្រះកាយ និង ឱ្យពរដល់ប្អូនផង” ។ ខ្ញុំក៏តបថា “ បងនឹងធ្វើវាដោយក្តីស្រឡាញ់ និង រីករាយ” ។
ខ្ញុំក៏រៀបចំដាំទឹក រួចហើយយកទៅដុសលាងកាយឱ្យក្មេងប្រុសនោះ រៀបចំដូរសម្លៀកបំពាក់ឱ្យវា រួចរៀបចំគ្រែឱ្យវាដេក។ វានិយាយនឹងខ្ញុំថា
“ បងប្រុស សូមបងជួយពុះឪឡឹកឱ្យប្អូនមួយជ្រុងមក ហើយកុំភ្លេចដាក់ស្ក ថែមផង” ។
ខ្ញុំក៏ទៅឃ្លាំងដាក់ម្ហូបអាហារ រួចរើសយកផ្លែឪឡឹកមួយមក ខ្ញុំដាក់វាលើថាស នៅមុខក្មេងប្រុសនោះ រួចនិយាយថា
“ ប្អូនប្រុស តើប្អូនមានឃើញកូនកាំបិតទេ?” ។
វាក៏តបថា
“ នៅឯនេះ! នៅលើធ្នើពីលើក្បាលដំណេករបស់ខ្ញុំនេះ” ។
ខ្ញុំក៏ក្រោកទៅយកកូនកាំបិតនោះ តែពេលនោះខ្ញុំក៏រអិលជើងពេលចុះមកវិញ ក៏ជ្រុលដៃយកកាំបិតនោះទៅចាក់ក្មេងប្រុសនោះស្លាប់ទៅ។ ពេលដែលខ្ញុំឃើញបែបនេះ ខ្ញុំដឹងថា ខ្ញុំពិតជាអ្នកដែលសម្លាប់វាមែន។ ខ្ញុំក៏ស្រែកជាខ្លាំង ខ្ញុំវាយតប់មុខមាត់ខ្លួនឯង ហើយនិយាយថា
“ ឱព្រះជាម្ចាស់អើយ! ក្មេងប្រុសនេះនៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះនឹងរួចផុតគ្រោះថ្នាក់ហើយ ហេតុម្តេចក៏ក្មេងនេះបែរជាមកស្លាប់ក្នុងដៃខ្ញុំទៅវិញ។ លោកអើយបើក្មេងនេះមិនឱ្យខ្ញុំពុះឪឡឹកនេះទេ ឬបើខ្ញុំស្លាប់មុនសនេះ ប្រហែលជាមិនអីទេ។ លោកអើយហេតុដូចម្តេចក៏ចាំបាច់ធ្វើបែបនេះ” ។
ហើយនាងឆាហរ៉ាសាតក៏ឈប់និទានរឿងនេះត្រឹមនេះ។
| លេខ៨៤ | មួយពាន់មួយយប់ | លេខ៨៦ |
សំរាប់គំរោងទឹកស្អាតនៅកម្ពុជា។

