សុំទោស…កូននិយាយកុហក
.
សុំទោស…កូននិយាយកុហក
ជែន្នី ទើបដូរមកនៅផ្ទះថ្មី ក្នុងក្រុង។ នេះជាលើកទីមួយហើយក្នុងជីវិតរបស់នាង ដែលបានមករស់នៅក្រុងមួយដែលនាងពេញចិត្ត។ នាងរៀបចំសម្លៀកបំពាក់របស់នាងចេញពីវ៉ាលីស។ នាងសម្លឹងមើលវាំងននបង្អួចរបស់នាងបក់ចុះឡើងៗ អារម្មណ៍របស់នាងបានអណ្តែតត្រសែតគ្មានគោលដៅ។ នាងពេញចិត្តនឹងបន្ទប់ផ្ទាល់ខ្លួនរបស់នាងជាខ្លាំង។ សាលាថ្មីរបស់នាងនឹងចាប់ចូលរៀនបន្តិចទៀតនេះ។ នាងនឹងមានមិត្រថ្មី។ បន្តិចទៀតនេះ នាងនឹងបានដើរលេង ចូលរួមពិធីជប់លៀង ហើយដើរលេងមិនចូលផ្ទះ ដេកផ្ទះពួកម៉ាក។ល។ នាងរីករាយក្នុងចិត្តជាខ្លាំង។ នេះជាអ្វីដែលនាងចង់បានក្នុងជីវិតរបស់នាង។
នៅថ្ងៃចូលរៀនដំបូង អ្វីៗដែលនាងបានជួបនៅថ្ងៃនោះពិតជាអស្ចារ្យជាខ្លាំង។ នាងបានជួបមិត្រថ្មី នាងរកបានសង្សារម្នាក់ថែមទៀតផង។ នាងគិតថា
“ ខ្ញុំចង់ធ្វើជាមនុស្សល្បី ហើយខ្ញុំនឹងល្បី ព្រោះខ្ញុំជាសង្សាររបស់កំពូលបុរសម្នាក់នៅសាលានេះ។”
មែនហើយ នាងបានទាក់ទងគ្នាជាមួយ ជែហ្វ ជាបុរសដ៏មានប្រជាប្រិយម្នាក់នៅសាលានេះ។
នាងមានតែបញ្ហាមួយគត់ គឺឪពុកម្តាយនាងមិនចង់ឲ្យនាងមានសង្សារ។ ពួកគាត់គិតថា នាងនៅក្មេងពេក មិនសមនឹងមានសង្សារឡើយ។ នាងគិតថា
“ មិនអីទេ ខ្ញុំនឹងមិនប្រាប់ពួកគាត់គ្រប់រឿងនោះទេ។ តើធ្វើម៉េចពួកគាត់ដឹង?។ តើមានខាតបង់អីទៅ?”
នាងបានសុំឪពុកម្តាយនាង ដេកផ្ទះពួកម៉ាកមួយយប់។ ឪពុកម្តាយនាងរារែកក្នុងចិត្ត តែទីបំផុតនិយាយថា
“ មិនអីទេ។”
នាងសប្បាយចិត្តជាខ្លាំង។ នាងក៏ប្រញាប់ប្រញាល់ទៅចូលរួមពិធីនោះយ៉ាងតក់ក្រហល់។ តែនាងមានអារម្មណ៍ក្នុងចិត្តថាដូចជាមិនសមរម្យ ដោយនិយាយកុហកឪពុកម្តាយនាងបែបនេះ។ តែថា ចូលញ៉ាំភីសា ជប់លៀងរាំរែក ហើយដើរលេងសារសងគ្នាក្រោមពន្លឺព្រះចន្ទ សប្បាយណាស់! នាងក៏ភ្លេចកង្វល់នេះអស់។ មែនហើយភីសាពិតជាឆ្ងាញ់ កម្មវិធីជប់លៀងរាំរែកពិតជាសប្បាយ ហើយនៅសល់តែការដើរលេងក្រោមពន្លឺចន្ទជាមួយនឹងជែហ្វមួយទៀតប៉ុណ្ណោះ។ នៅពេលនោះ ជែហ្វស្រវឹងជាខ្លាំង។
តែ ជែហ្វបានថើបនាង ហើយនិយាយប្រាប់នាងថាវាមិនអីទេ អាចបន្តទៀតបាន។ បន្ទប់ជប់លៀងនោះពោរពេញដោយផ្សែងបារី ហើយ ជែហ្វបានយកបារីមកជក់ដែរ។ នាងមិននឹកស្មានថា ជែហ្វចេះជក់បារីសោះ។ ជែហ្វជក់អស់មួយដើមហើយ បន្តមួយដើមទៀត។
ពួកគេទាំងពីរបានចូលក្នុងឡានដើម្បីចេញទៅសាសងគ្នានៅកន្លែងស្ងាត់ ជែហ្វ មិនបានខ្វល់ថាវាស្រវឹងស្រានោះទេ។ ពួកគេបានមកដល់កន្លែងស្ងាត់មួយ ជែហ្វក៏ចាប់ផ្តើមលួងលោមដើម្បីយកខ្លួនប្រាណនាង។ ជែន្នី នាងមិនបានគិតដល់ថ្នាក់នេះទេ។ នាងចង់ត្រឹមតែសាសងគ្នាធម្មតាប៉ុណ្ណោះ។ នាងគិតក្នុងចិត្តថា
“ ប៉ាម៉ាក់ខ្ញុំគាត់ប្រហែលជានិយាយត្រូវ។ ខ្ញុំក្មេងពេកហើយ។ លោកអើយ ហេតុម៉េចបានជាខ្ញុំល្ងង់ដល់ថ្នាក់នេះ?។”
នាងក៏រុញ ជែហ្វ ចេញមួយទំហឹង។ នាងនិយាយថា
“ នាំខ្ញុំទៅផ្ទះវិញ! ខ្ញុំមិនចង់នៅទីនេះទៀតទេ”
ជែហ្វខឹងជាខ្លាំង ក៏បញ្ឆេះម៉ាស៊ីនឡាន ជាន់ហ្គាសយ៉ាងខ្លាំង។ ជែហ្វបានបើកឡានយ៉ាងលឿន ទាំងកំហឹង។ ជែន្នីគិតក្នុងចិត្តថាជីវិតរបស់នាងស្ថិតនៅក្នុងគ្រោះថ្នាក់ជាប្រាកដ។ នាងបានអង្វរ ជែហ្វឲ្យបន្ថយល្បឿន តែ ជែហ្វកាន់តែបង្កើនល្បឿនលឿនឡើងៗ។
នៅខណៈនោះនាងឃើញភ្លើងមកពីមុខ ចាំងភ្នែកនាង នាងស្រែកថា
“ ជួយផង!…”
នាងមិនចាំថាកម្លាំងបុករវាងឡានទាំងពីរខ្លាំងប៉ុណ្ណាទេ។ គ្រាន់តែដឹងថា ភ្លាមៗនោះពិភពលោកនេះត្រឡប់ទៅជាខ្មៅងងឹត។ នាងមានអារម្មណ៍ថា ដូចជាមាននរណាម្នាក់អូសនាងចេញពីឡានដែលខ្ទេចខ្ទីរនោះ ហើយឮគេនិយាយថា
“ ឆាប់ហៅឡានពេទ្យមក! ក្មេងពីរនាក់នេះមានគ្រោះថ្នាក់ហើយ។”
នាងឮតែប៉ុន្មានម៉ាត់នេះតែប៉ុណ្ណោះ។ តែនាងចាំបានថា មានឡានពីរបុកគ្នា។
នាងចង់ដឹងថាតើ ជែហ្វយ៉ាងម៉េចហើយ តើអ្នកក្នុងឡានមួយទៀតនោះយ៉ាងម៉េចដែរ។ នាងដឹងខ្លួនវិញ ឃើញដំបូងគឺទឹកមុខក្រៀមក្រំ។ គេនិយាយប្រាប់នាងថា
“ នាងបានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ។”
គេប្រាប់នាងថា ជែហ្វបានស្លាប់បាត់ទៅហើយ។ គេនិយាយប្រាប់នាងទៀតថា
“ ជែន្នី ពួកយើងបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់ពួកយើង ដើម្បីសង្គ្រោះនាង។ តែមើលទៅគ្មានសង្ឃឹមទេ។”
នាងជែន្នីក៏សួរថា
“ ចុះអ្នកក្នុងឡានមួយទៀតនោះ ពួកគេយ៉ាងម៉េចទៅហើយ?”
ពួកគ្រូពេទ្យតបថា
“ សុំទោស ពួកគេស្លាប់ទាំងអស់”
នាងជែន្នីក៏បន់ដល់ព្រះថា
“ ព្រះជាម្ចាស់អើយ សូមអភ័យទោសដល់កូនចៅផង។ ខ្ញុំគ្រាន់តែចង់សប្បាយតែមួយយប់ប៉ុណ្ណោះ។ សូមលោកមេត្តាជួយនិយាយប្រាប់ក្រុមគ្រួសាររបស់ពួកគេផង ថាខ្ញុំសុំទោសដែលធ្វើឲ្យពួកគេជួបរឿងអាប់អួរបែបនេះ…”
“ សូមអ្នកគ្រូពេទ្យមេត្តាជួយប្រាប់ប៉ាម៉ាក់ខ្ញុំផង ថាខ្ញុំសុំទោសដែលនិយាយកុហកគាត់ នេះជាកំហុសរបស់ខ្ញុំដែលធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់។ អ្នកគ្រូពេទ្យ…អ្នកគ្រូអាចប្រាប់គាត់ផងបានទេ?..”
អ្នកគ្រូពេទ្យឈរនៅនឹងថ្កល់មិនចេញស្តី ហាក់ដូចជាចង់ប្រាប់ថាគាត់មិនអាចជួយនាងបានទេ។ តែអ្នកគ្រូពេទ្យនោះ កាន់ដៃរបស់នាងយ៉ាងជាប់ ហើយស្រក់ទឹកភ្នែក។ មួយស្របក់ក្រោយមក ជែន្នីក៏ស្លាប់។ គ្រូពេទ្យម្នាក់សួរអ្នកគ្រូពេទ្យថា
“ ហេតុដូចម្តេចបានជាអ្នកគ្រូមិនយល់ព្រមនឹងសំណូមពររបស់នាងផងទៅ?”
អ្នកគ្រូពេទ្យមើលទៅមុខគ្រូពេទ្យយ៉ាងកម្សត់ ហើយនិយាយថា
“ ពីព្រោះអ្នកដែលនៅក្នុងឡានមួយទៀតនោះ ជាប៉ាម៉ាក់របស់នាង..”
ដកស្រង់ចេញពី
http://www.lovefatedestiny.com



កំសត់ណាស់ !
នេះហើយ ដែលគេហៅថា ឥទ្ធិពលរបស់ស្រា!